តុលាការឃុំខ្លួនឧត្តមសេនីយ៍ ប៉ិច តុងហេង ដែលវាយកម្មកអេតចាយដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖មន្ត្រីតុលាការ ថ្លែងថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ដាក់បណ្តោះអាសន្នករណីយកកាំភ្លើងវាយកម្មករឃ្លាំងអេតចាយបែកក្បាល។

ឧត្តមសេនីយ៍ត្រីរូបនេះត្រូវបានលោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់ពីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ដែលវាយកម្មករឃ្លាំងអេតចាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លន កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានប្រើអំពើហិង្សា ដោយយកកាំភ្លើងវាយក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ២១ឆ្នាំ កម្មករឃ្លាំងអេតចាយ ដោយគ្រាន់ ព្រោះខឹងជនរងគ្រោះមើលមុខ។

ករណីហិង្សានោះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្បែរអគារ ខុនដូ របស់ជនបង្ក មានទីតាំងស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌចំការមន។

នៅមុនពេលកើតហេតុ គេឃើញឧត្តមសេនីយ៍ត្តីរូបនេះ បានជិះរថយន្តស្ព័រ Chevrolet Camaro ពាក់ផ្លាកលេខ ភ្នំពេញ 2AP-8989 ដោយរោទ៍សម្លេងខ្លាំងៗ ទើបជនរងគ្រោះមើលមុខជនសង្ស័យដែលនៅក្នុងរថយន្ត។

ពេលឃើញកម្មករ មើលមុខ បែបនោះ ជនសង្ស័យបានបើករថយន្ត ត្រលប់មកវិញហើយ ក៏ចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លី ទំនើបមួយដើម ទៅវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង។

យោងតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា សំណុំរឿងនេះ ជនត្រូវចោទ លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណងទៅជនរងគ្រោះចំនួន ៤,០០០ដុល្លារ ដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹង ដើម្បីបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែង ជនសង្ស័យមានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅពន្ធនាគារ ប៉ុន្តែមិនបានសម្រេចនោះទេ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print