ខេត្តពោធិ៍សាត់៖ ប្រជានេសាទម្នាក់ប្រទះឃើញសាក សពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្តកិច្ច ត្រូវបានគេសង្ស័យជាករណីឃាតកម្ម។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចក្បែសំណង់ទ្វាទឹកដំណាក់អំពិល ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ស្ថាប័នជំនាញពាក់ព័ន្ធចុះស្រាវជ្រាវក្នុងករណីនេះបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យន់ ឡេវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករសំណង់ការដ្ឋានស្ពានដំណាក់អំពិល(កន្លែងកើតហេតុ) រស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ សមត្តកិច្ចពិនិត្យលើខ្លួនប្រាណសាកសពឃើញមានស្នាមរបួស ដូច្នេះជនរងគ្រោះស្លាប់ដោយធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យលង់ស្លាប់ ក្រោយពេលរងរបួសបន្ទាប់ពីមានទំនាសវាយតប់គ្នានៅក្នុងវង់រាំមង្គលការកូនអ្នកភូមិក្បែនោះ។
ប្រភពខាងលើបន្តទៀតថា ហេតុការណ៍សង្ស័យហឹង្សាមានស្ថានទម្ងន់នេះ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៦ ខែឆ្នាំដដែល ស្ថិតក្នុងភូមិ.ឃុំខាងលើ នេះបើយោងតាមប្រភពនានាជុំវិញកន្លែងហេតុការណ៍ដែលបានកើតឡើងក្រោយធ្វើការស្រាវជ្រាវ ដូច្នេះករណីខាងលើនេះស្ថិតក្នុងការបើកការសើបអង្កេតបន្តនៅឡើយ៕ ដោយ បឹុម ពិន