ប្រារព្ធពិធីបុណ្យវិសាខបូជា​ និង​រៀបចំក្បួនដង្ហែប្រទក្សិណក្នុងទីរួមខេត្ត​ មានព្រះសង្ឃ​ និងពុទ្ធបរិស័ទ​ និមន្តចូលរួមជាង៤ពាន់អង្គនាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ​ខេត្តពោធិ៍សាត់​បានប្រារព្ធពិធីបុណ្យវិសាខបូជា នៅលើបូរីវប្បធម៌កោះសំពៅមាស​ និង​រៀបចំក្បួនដង្ហែវិសាខបូជា​ប្រទក្សិណក្នុងក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០១៨នេះ​ ក្រោមការនិមន្ត​ និង​អញ្ជើញចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត លោក​ស្រី​ ម៉ែន​ ផល្លី​ អភិបាលរងខេត្ត​ ជាតំណាងអភិបាលខេត្ត​ពោធិ៍សាត់​ ព្រមទាំងប្រធាន​ អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត​ ព្រះសង្ឃ​ តាជី​ យាយជី​ ឧបាសក​ ឧបាសិកាទូទាំងខេត្ត​ ប្រមាណ​ជាង៤ពាន់អង្គ/នាក់។​
វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត  ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៩។ ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន​។​
​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជាព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, ព្រះ​សាស្តា ជាដើម​។​ ព្រះអង្គទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ មុន​គ្រិស្តសករាជ​ចំនួន ៦២៣ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។ ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ នា​វេលា​ទៀបភ្លឺ​។ ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ៏ ពេញបូណ៌មី ខែវិសាខ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦១​ឆ្នាំ​ហើយ​។
​យើង​សង្កេតឃើញថា ព្រះ​សាស្តា ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះបុណ្យ​វិសាខបូជា គឺ​តំណាង​ឲ្យ «​ថ្ងៃ​ទាំងបី​» នេះ៕ ដោយ បឹុម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print