ភ្នំពេញ៖ បន្ទាប់ពីមានឧប្បត្តិហេតុរថយន្តប្រដេញគ្នាទៅបុកផ្ទះប្រជាពលរដ្ឋឆេះរថយន្តបណ្តាលឲ្យ ស្ត្រីម្នាក់ស្លាប់ក្នុងភ្លើងសល់តែគ្រោងឆ្អឹង និងឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងម៉ូតូ៣គ្រឿងកាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ នេះរួចមក ធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានព័ត៌មានមួយនេះកាន់តែមានចម្ងល់លើការស្រាវជ្រាវរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជានគរបាលរាជធានី ដោយចាត់ទុកថា សមត្ថកិច្ចទាំងនេះអសមត្ថភាពខ្លាំងណាស់ ខណៈដែលបានស្គាល់អត្តសញ្ញាណ រថយន្ត និងជនបង្ករួចទៅហើយតែគ្មានលទ្ធភាពឃាត់ខ្លួនជនសង្ស័យនិងជនពាក់ព័ន្ធបាន ។ ករណីនេះតើអាចពាក់ព័ន្ធម្ចាស់រថយន្តឬទេ?
មជ្ឈដ្ឋានទូទៅបានដាក់សំណួរថា បានស្គាល់ស្លាកលេខ ភិនភាគរថយន្ត ស្គាល់ ឈ្មោះ និង អាសយដ្ឋានជនបង្ករួចទៅហើយ ហេតុអីចាប់ជននេះមិនបាន ? អ្វីដែលឆ្ងល់កាន់តែខ្លាំងទៀតនោះ ហេតុអីស្រី្តរងគ្រោះឈ្មោះ សាន់ អេនណា ស្លាប់ក្នុងរថយន្តតែម្នាក់ឯង ដោយអង្គុយកៅអីមុខខាងស្តាំជិតកៅអីអ្នកបើកបរ គ្រាដែលគេទទួលព័ត៌មានជំហានដំបូងថានាងបើករថយន្តតែម្នាក់ឯងសោះ? បើមិនមានអ្នកបើករថយន្តអង្គុយជិតនាងទេ ហេតុអីនាងស្លាប់នៅអង្គុយកៅអីខាងស្តាំ បន្ទាប់ពីគេដឹងថារថយន្តនេះមានចង្កូតឆ្វេងទេនោះ ? បើមានហេតុការណ៍បែបនេះមែន តើអ្នកបើកបររួមដំណើរជាមួយស្រី្តរងគ្រោះជានរណា ? ហេតុអ្វីអ្នកបើករថយន្តបង្កហេតុរត់យករួចខ្លួនតែឯងទុកឲ្យនាងស្លាប់ក្នុងភ្នក់ភ្លើង ? តើផ្ទះប្រជាពលរដ្ឋពីរខ្នង រួមនឹងម៉ូតូ៣គ្រឿងនិងទ្រព្យសម្បត្តិជាច្រើនទៀតដែលឆេះក្នុងហេតុការណ៍នេះអ្នកណាជាអ្នកទទួលខុសត្រូវ ?
ទោះយ៉ាងណានៅមានចម្ងល់មួយទៀត បន្ទាប់ពីហេតុការណ៍នេះកើតឡើងស្រាប់តែលោក ចន រតនា អតីតថៅកែភោជនីយដ្ឋានរតនាស្រីម៉ៅ បានពឹងមេធាវីម្នាក់ឲ្យប្តឹងជនល្មើស ទាមទារសំណងចំនួន៦ម៉ឺនដុល្លារ បន្ទាប់ពីលោកអះអាងថា រថយន្តតូយ៉ូតាកាមរីស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W.2627 (រថយន្តឆេះ)ជារថយន្តរបស់លោកដែលស្រី្តរងគ្រោះបានខ្ចី ពីកូនប្រុសឈ្មោះ ចន រស្មី អាយុ១៩ឆ្នាំ យកទៅជិះទៅសួរសុខទុក្ខម្តាយមីងនៅម្តុំគីឡូម៉ែត្រលេខ៦ ។ ទន្ទឹមនេះ លោកចន រតនា បានអះអាងថា កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៥ រថយន្តនេះត្រូវបានកូនប្រុសរបស់លោកយកទៅជិះដើរលេងជាមួយ សាន់ អេនណា ជាសង្សាររបស់គេ។ លុះដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា សាន់ អេនណា បានខ្ចីសោរថយន្តនេះពីកូនប្រុសលោកយកទៅជិះដោយកូនប្រុសរបស់លោកមិនបានទៅជាមួយហើយក្រោយមកស្រាប់តែជួបហេតុការណ៍នេះកើតឡើងតែម្តង ។
តាមរយៈរឿងហេតុនេះ មជ្ឈដ្ឋានទូទៅជាពិសេសប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នានិយាយថា បើសមត្ថកិច្ចខណ្ឌឫស្សីកែវមានចេតនារកយុត្តិធម៌ដល់ជនរងគ្រោះមែននោះមិនពិបាកទេ ដោយគ្រាន់តែទី១-រកមុខអ្នកបើកបររថយន្តដេញបំបុករថយន្តរងគ្រោះឲ្យឃើញដើម្បីសាកសួរ និងទី២-សាកសួរឈ្មោះ ចន រស្មី ថាតើមាននៅក្នុងហេតុការណ៍នេះទេ? បើមិននៅក្នុងហេតុការណ៍នេះមែន ពេលនោះគាត់នៅទីណា? កំពុងធ្វើអ្វី ?អ្នកណាដឹងឮ ? តើលោក ចន រតនា ដាក់ពាក្យបណ្តឹងនេះដើម្បីដោះបន្ទុកឬយ៉ាងណា ?
ទោះយ៉ាងណាក្នុងចម្ងល់ទាំងអស់នេះ នគរវត្តមិនអាចសុំការបកស្រាយពីលោកវរសេនីយ៍ទោ ទៀង ចាន់សារ អធិការនគរបាលខណ្ឌឫស្សីកែវ និងនាយនគរបាលប៉ុស្តិ៍គីឡូ ម៉ែត្រលេខ៦ បានទេកាលពីម្សិលមិញ បន្ទាប់ពីទូរស័ព្ទចូលគ្មានអ្នកលើក ៕
ដោយ៖ ប្រាថ្នា