ខេត្តក្រចេះ៖ ដើម្បីការពារសត្វផ្សោតអ៊ីវ៉ាឌីទន្លេមេគង្គ ដែលជាប្រភេទសត្វជិតផុតពូជ អង្គការ WWF បានប្រារព្វទិវាសត្វផ្សោតពិភពលោក ដើម្បីចូលរួមថែរក្សាការពារ ព្រោះសត្វផ្សោតអ៊ីវ៉ាឌីទន្លេមេគង្គ គឺជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ គឺជាប្រភពធនធានដ៏សំខាន់ សម្រាប់ការបង្កើនជីវភាពគ្រួសារ និងសហគមន៍មូលដ្ឋាន ជាពិសេសសម្រាប់បម្រើវិស័យអេកូទេសចរណ៍។ ហើយបច្ចុប្បន្ននេះ ប្រភេទសត្វផ្សោតទឹកសាបដ៏កម្រនេះ កំពុងប្រឈម ទៅនិងការផុតពូជដោយសារសកម្មភាពនេសាទក្នុងដែនអភិរក្ស និងការសាងសង់ទំនប់វារីអគ្គិសនីដនសាងហុង។
នេះជាប្រសាសន៍ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ក្នុងពិធីប្រារព្វទិវាសត្វផ្សោតពិភពលោក កាលពីព្រឹកថ្ងៃទី១០ខែវិច្ឆិកា នៅក្រុងក្រចេះ ខេត្តក្រចេះ ហើយក៏មានការដង្ហែក្បួនដោយថ្មើរជើង នៅជុំវិញទីប្រជុំជនក្រុងក្រចេះ ដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋត្រូវចូលរួមថែរក្សា និងស្វែងយល់ពីគុណតម្លៃសត្វផ្សោតអ៊ីវ៉ាឌីទន្លេមេគង្គនេះ។
លោក អេង ជាសាន បានមានប្រសាសន៍បន្តថា កាលពីបីឬបួនទស្សវត្សកន្លងទៅ សត្វផ្សោតទន្លេមេគង្គរាប់រយក្បាលត្រូវបានគេប្រទះឃើញស្ទើរគ្រប់ទីកន្លែង នៅតាមបណ្តោយទន្លេមេគង្គដៃទាំងបីរបស់វា (សេកុង,សេសាន ,និងស្រែពក) និងក្នុងបឹងទន្លេសាប។ តែបច្ចុប្បន្ននេះចំនួនសរុបរបស់វា មានប្រមាណតិចជាង១រយក្បាល ហើយដែនជម្រករបស់វាមានតែនៅប៉ែកខាងលើទន្លេមេគង្គនៅចន្លោះទីរួមខេត្តក្រចេះ និងព្រំប្រទល់កម្ពុជា,ឡាវ ក្នុងខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ។
យោងតាមរបាយការ របស់អង្គការ WWF បានបង្ហាញថាមានសត្វផ្សោតទឹកសាបជាច្រើនក្បាល់ ត្រូវងាប់ជាបន្តបន្ទាប់ ក្នងនោះនៅចន្លះពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥នេះ គឺមានសត្វផ្សោតចំនួន២៥ក្បាល់ត្រូវបានស្លាប់ ក្នុងនោះមានមេបីក្បាល់ និងកូនពីរក្បាល ហើយការស្លាប់របស់សត្វផ្សោតនេះ ត្រូវបានគេរកឃើញថា គឺស្លាប់ដោយសារជាប់រុំមង របស់អ្នកនេសាទខុសច្បាប់ នៅក្នុងដែនអភិរក្ស។ ហើយបច្ចុប្បន្ននេះគឺមានសត្វផ្សោតចំនួន៨០ក្បាល កំពុងរស់នៅ ចាប់ពីអន្លង់ផ្សោតកាំពី ក្នុងស្រុកចិត្របុរី រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង ។
បើតាមការលើកឡើងរបស់ លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បាននិយាយថា បច្ចុប្បន្ននេះយើងមានការព្រួយបារម្មទៅលើជោគវាសនានៃការផុតពូជ របស់ប្រភេទសត្វផ្សោតទឹកសាបទន្លេមេគង្គ អ៊ីវ៉ាឌី ដែលកំពុងប្រឈមទៅនិងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសកម្មភាពការនេសាទខុសច្បាប់ ការកាប់ព្រៃលិចទឹក ការប្រើប្រាស់មងនៅតាមទីជម្រកសត្វផ្សោតកំពុងរស់នៅ ជាពិសេសការសាងសង់សំណងទំនប់វារីអគ្គិសនីដនសាហុងនៃប្រទេសឡាវ។
លោកបន្តថា គម្រោងសាងសង់ទនប់វារីអគ្គិសនី ដនសាហុង ដែលស្ថិតនៅចំងាយប្រមាណ ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា,ឡាវ បើទំនប់នេះសាងសង់ឡើងនោះ វានិងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សត្វផ្សោត ការបម្លាស់ទីរបស់ត្រី និងជីវជម្រុះរបស់ប្រពន្ឋទន្លេសាបនេះទាំងមូល។ ក្នុងតំណាក់កាលសាងសង់ នឹងមានការបំផ្ទុះថ្មរាប់លានតោន ដែកនឹងធ្វើឱ្យប៉ះពាល់ដល់សត្វផ្សោត៤ក្បាល នៅអន្លង់ឈើទាល និងប៉ះពាល់ដល់សត្វផ្សោតផ្សេងៗទៀត ។
ជាមួយគ្នានោះ លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលប្រទេសឡាវ និងក្រុមហ៊ុនមេហ្គាហ្វឺស របស់ប្រទេសម៉ាឡេស៊ីផ្អាកការសាងសង់ រងចាំរហូតដល់មានការសិក្សាច្បាស់លាស់ អំពីជីវចម្រុះរបស់ទន្លេ ដោយមានការពិគ្រោះយោបល់ពេញលេញ ពីសហគមន៍ប៉ះពាល់ និងពិចារណាបញ្ហាឆ្លងដែនជាមុន៕
ដោយ៖ កោះទ្រុង