ចាប់ឃាតកពីរនាក់បងប្អូន រួមគ្នាសម្លាប់ស្រី្តមានផ្ទៃពោះ៣ខែក្នុងចម្ការពោតបានហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ទីបំផុតនគរបាលខេត្តត្បូងឃ្មុំបានបំបែកសំណុំរឿងឃាតកសម្លាប់ស្រី្តខ្មែរ អ៊ិស្លាមមានផ្ទៃពោះ៣ខែក្នុងចម្ការពោត បានហើយ កាលពីរសៀលថ្ងៃ ពុធ ៣ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី២ ឧសភា ឆ្នាំ២០១៨ ដោយជនសង្ស័យមានពីរនាក់បងប្អូន។

សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមាន ១-ឈ្មោះ សុះ ស្មីន ភេទស្រី អាយុ២៩ឆ្នាំ ជាខ្មែរ-អ៊ិស្លាម ២-ឈ្មោះ សុះ ហារើស ហៅទីន ភេទប្រុស អាយុ២៨ឆ្នាំ ។ ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើត រស់នៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ។

ក្នុងករណីនេះលោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចោទប្រកាន់ជនសង្ស័យទាំងពីរនាក់ពីបទឃាតកម្ម លើស្ត្រីមានផ្ទៃពោះ៣ខែ ជាជនជាតិខ្មែរ-អ៊ិស្លាម ឈ្មោះ ទីន ហៃសាក់ អាយុ២៤ឆ្នាំ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ គឺសម្លាប់បំបិទមាត់នៅក្នុងចម្ការពោតមួយកន្លែងជាប់មាត់ទន្លេមេគង្គ នៅមិនឆ្ងាយពីផ្ទះអ្នកស្លាប់យប់ថ្ងៃទី៣០ មេសា ២០១៨ ដោយឈ្មោះ សុះ ហារើស ហៅទីន មុនសម្លាប់បានសេពសន្ថវៈជាមួយស្រី្ររងគ្រោះ រួច មួលកាច់បំបាក់ក ។ ចំណែកឈ្មោះ សុះ ស្មីន ជាបងស្រី ជាអ្នករួមគំនិត និងជាអ្នកមើលផ្លូវ ខ្លាចគេមកទាន់ប្អូនប្រុសធ្វើសកម្មភាព មនុស្សឃាត ។

យ៉ាងណាបន្ទាប់ពីមានអំពើឃាតកម្មនេះកើតឡើងសមត្ថកិច្ចនគរបាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រើប្រាស់ជំនាញរបស់ខ្លួន រហូតឈានដល់ទៅកំណត់អត្តសញ្ញាណក្រុមជនសង្ស័យនិងបានឃាត់ខ្លួនបន្តបន្ទាប់បានចំនួនពីរនាក់បងប្អូនខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ និងបានបំពេញសំណុំបែបបទបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុះ ហារើស ហៅទីន បានសារភាពថា ខ្លួនគេនិងស្រ្តីរងគ្រោះ ឈ្មោះ ទីន អៃសាស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ- អ៊ិស្លាមរស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្រលាញ់គ្នាលួចលាក់ខុសប្រពៃណីយូរខែមកហើយ រហូតនាងមានផ្ទៃពោះ៣ ខែ ទៀតផង ។ ដោយសារនាងមានផ្ទៃពោះខុសទំនៀម ទម្លាប់ ខ្លួននិងបងស្រីខាងលើក៏អង្វរនាង ទីន អៃសាស់ ឲ្យយកកូនចេញ តែនាងមិនព្រម។

ជនសង្ស័យបានសារភាពទៀតថា ដោយសារអង្វរនាងច្រើនលើកមិនព្រម ទើបបងស្រី និងខ្លួន មានផែនការសម្លាប់នាង ទីន អៃសាស់ ចោល។ លុះមកដល់យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ បងស្រីរបស់ខ្លួនបានទៅល្បួងលួងលោមនាងទីន អៃសាស់ ឲ្យទៅអូសមងជាមួយ ដើម្បីបានកំរ៉ៃមកចិញ្ចឹមគ្រួសារ ព្រោះគ្រួសារនេះក្រណាស់ ។ លុះពេលនាងចាកចេញពីផ្ទះបានបន្តិចបងស្រីបានប្រាប់ ឲ្យនាងទៅជួបខ្លួនក្នុងចម្ការពោត ហើយពេលទៅដល់ខ្លួនចាប់អូសដៃឲ្យអង្គុយជជែកគ្នាបានបន្តិចក៏នាំគ្នារួមរ័ករហូតបានសម្រេច។ បន្ទាប់មកខ្លួនបានប្រាប់ ឲ្យនាងទីន អៃសាស់ ត្រូវពន្លូតកូនចេញ តែនាងនៅតែប្រកែកដដែល ធ្វើឲ្យខ្លួនខឹងក៏មួល ក កាច់បំបាក់សម្លាប់ចោលតែម្តងទៅ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print