ភ្នំពេញ៖ បុរសម្នាក់ត្រូវបុគ្គលិកនិងថៅកែម៉ាតមើលកាមេរ៉ាដឹងហើយក៏ឃាត់ខ្លួនអស់ជាច្រើនម៉ោងទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវខណៈបុរសរូបនេះចូលទៅទិញអីវ៉ាននៅក្នុងម៉ាត SuperDuper ហើយបានបន្លំលួចយកម្សៅទឹកដោះគោកូនក្មេង២កំប៉ុងធំ និងស្ករគ្រាប់២ប្រអប់ដាក់ក្នុងកាបូបស្ពាយ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០យប់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងម៉ាត SuperDuper តាមបណ្តោយផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះ គឺជនសង្ស័យត្រូវបាននាំចូលទៅក្នុងបន្ទប់គម្រាមទាប្រាក់២០០០ដុល្លាជាថ្នូរនឹងការដោះលែង ដោយមិនប្តឹងទៅសមត្ថកិច្ចទៅវិញ ។ ជនសង្ស័យមានឈ្មោះ គឹម លី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរចូលទៅក្នុងម៉ាត SuperDuper ហើយបានដើររកមើលអីវ៉ាន់ ដោយឃើញមិនសូវមានមនុស្សក៏បានបន្លំលួចយកម្សៅទឹកដោះគោកូនក្មេងម៉ាក Glucerna ២កំប៉ុងធំ និងស្ករគ្រាប់២កញ្ចប់បានដាក់ក្នុងកាបូបស្ពាយហើយជនសង្ស័យក៏ដើរទៅកន្លែងគិតលុយដោយយកតែរបស់តិចតួចឲ្យគេគិតលុយតែប៉ុណ្ណោះ បន្ទាប់ពីគិតលុយរួចហើយ ក៏បានដើរចេញមកក្រៅ តែក៏ត្រូវបុគ្គលិកម៉ាតមើលកាមេរ៉ាទាន់ ក៏ប្រាប់សន្តិសុខឲ្យធ្វើការឃាត់ខ្លួនភាមៗ ។
ក្រោយពីសន្តិសុខឃាត់ខ្លួនជនសង្ស័យខាងលើរួចសន្តិសុខក៏បានទៅប្រាប់បុគ្គលិកម្នាក់ទៀតដែលជាអ្នកបកប្រែឲ្យម្ចាស់ហាងម៉ាតដែលជាជនជាតិបរទេស ហើយក៏បានមកជាមួយបុគ្គលិកបកប្រែនោះ និងបាននាំជនសង្ស័យទៅក្នុងបន្ទប់ និងបាននិយាយគម្រាមថា បើមិនឲ្យលុយ២០០០ដុល្លាទេ គេនឹងនាំទៅឲ្យសមត្ថកិច្ចជាមិនខាននិងបានឲ្យជនសង្ស័យនោះទូរស័ព្ទទៅម្ដាយហើយក៏បាននិយាយជាមួយបុគ្គលិកដែលជាអ្នកបកប្រែឲ្យម្ចាស់ហាងម៉ាតនោះដែលជាជនជាតិកាណាដា ។ ក្រោយពីម្តាយជនសង្ស័យបាននិយាយសុំអង្វរទៅម្ចាស់ម៉ាតហើយនោះ គាត់ថាគាត់គ្មានលុយទេ តែភាគីខាងម្ចាស់ម៉ាតបាននិយាយថា បើមិនឲ្យទេគាត់និងយកជនសង្ស័យទៅឲ្យសមត្ថកិច្ចហើយ ។
ក្រោយមកម្តាយជនសង្ស័យក៏បានសុំអង្វរម្ចាស់ម៉ាតត្រឹម១០០០ដុល្លាបានហើយពីព្រោះគាត់ក៏ទៅខ្ចីលុយពីបងប្អូនរបស់គាត់ដែល តែភាគីខាងម្ចាស់ម៉ាតមិនយល់ព្រមទេ។ បន្ទាប់មកអ្នកបកប្រែឲ្យនិងម្ចាស់ម៉ាតដែលជាជនជាតិកាណាដានោះបាននាំជនសង្ស័យនោះទៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវតែម្តង ។
ក្រោយមកម្តាយរបស់ជនសង្ស័យក៏បានមកដល់ប៉ុស្តិ៍ផ្សារដើមថ្កូវ ហើយបាននិយាយថា កូនរបស់គាត់ពិតជាបានបន្លំលួចអីវ៉ាន់គេមែន តែខាងភាគីម្ចាស់ម៉ាតបានឃុំកូនគាត់អស់រយៈពេល៤ម៉ោង ហើយនិងគម្រាមយកប្រាក់ពីគាត់ចំនួន២០០០ដុល្លាទៀតផង។ បន្ទាប់មកសមត្ថកិច្ចក៏បានសាកសួរទៅខាងម្ចាស់ម៉ាត ដែលជាជនជាតិកាណាដានោះ និងបុគ្គលិកម្នាក់ដែលជាអ្នកបកប្រែ ដោយខាងម្ចាស់ម៉ាតនោះបាននិយាយថា គាត់ពិតជាបានទាប្រាក់២០០០ដុល្លារពិតប្រាកដមែន ។
ក្រោយពីសមត្ថកិច្ចធ្វើរការសាកសួររួចហើយនិងបានកសាសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅអធិការដ្នាននគរបាលខណ្ឌចំកាមន ដើម្បីធ្វើចាត់វិធានការទៅតាមផ្លូវច្បាប់ ចំណែកឯម្ចាស់ម៉ាត និងអ្នកបកប្រែសមត្ថកិច្ចក៏បានឲ្យត្រឡប់ទៅវិញជាធម្មតា ៕
...
ដោយ៖ សរ រស្មី