ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវចរន្ដអគ្គិសនីឆក់ស្លាប់ ខណៈបុរសរូបនេះយកឌុយទៅដោតដើម្បីសាកម៉ូទ័រទើបជួសជុលរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ភឿន ទ្រី ភេទប្រុស អាយុ ៤៥ឆ្នាំ មានប្រពន្ធ និងកូនប្រុសស្រី ២នាក់ក្នុងបន្ទុកគ្រួសារ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
លោកអធិការបន្តថា ក្រោយសមត្ថកិច្ចស្រាវជ្រាវឃើញថា ប៉ុន្មានថ្ងៃមុនជនរងគ្រោះបានសុំម៉ូទ័រខូចពីវត្តក្រឡាញ់ ហើយមុនកើតហេតុបានយកម៉ូទ័រនេះមកជួសជុលដោយខ្លួនឯងដើម្បីទុកកាត់ការ៉ូ និងផ្សេងៗ រួចក៏យកឌុយម៉ូទ័រទៅដោតនឹងព្រីភ្លើងដើម្បីសាកមើល នៅគ្រាដែលជនរងគ្រោះយកដៃទៅច្របាច់កុងតាក់ម៉ូទ័រ គ្រានោះបានឆក់ស្លាប់តែម្ដង ខណៈដែលប្រពន្ធកូននៅជុំគ្នា ប៉ុន្ដែមិនអាចជួយសង្គ្រោះបាន ។
លោកអធិការបន្តទៀតថា ក្រោយពីសមត្ថកិច្ចពិនិត្យយ៉ាងម៉ត់ចត់ធ្វើកោសល្យវិច្ច័យច្បាស់លាស់ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន ក៏បានប្រគល់សាកសពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន