ខេត្តកណ្តាល-ព្រៃវែង៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបន្តចុះពិនិត្យការងារបូមទឹកបំពេញអាង និងបឹងធម្មជាតិនានា សម្រាប់បម្រើដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង នៅក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង ។
ថ្លែងនៅក្នុងពេលចុះពិនិត្យការងារ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការងារបូមទឹកបញ្ចូលអាងសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវរដូវប្រាំងនៅក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង មកដល់ពេលនេះ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តទាំងពីរ បាននិងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២៨ គ្រឿង ។
លោក ឈា ប៊ុនរិទ្ធ បានបន្តថា សម្រាប់ខេត្តកណ្តាល គឺក្រុមការងាររបស់យើង បាននិងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹក (៦៥សេះ) សរុបចំនួន ២៤ គ្រឿង ដើម្បីបូមទឹកបំពេញអាងស្តុកទឹក និងបឹងធម្មជាតិនានា សរុបចំនួន ១៩ កន្លែង ក្នុងស្រុកពញាឮ ខ្សាច់កណ្តាល មុខកំពូល និងស្រុកកៀនស្វាយ ។ ចំណែកខេត្តព្រៃវែង គឺយើងបាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹក (៦៥សេះ) សរុប ចំនួន ០៦ គ្រឿង ដើម្បីបូមទឹកបំពេញអាងស្តុកទឹកចំនួន ០៣ កន្លែង ក្នុងស្រុកព្រះស្តេច ពាមរក៏ និងស្រុកពោធិរៀង ។
លោកប្រធាននាយកដ្ឋាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោករដ្ឋមន្ត្រី លឹម គានហោ កំពុងបន្តចុះពិនិត្យនៅតាមទីតាំងផ្សេងៗទៀតក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងឈានទៅដំឡើងម៉ាស៊ីនបូមទឹកបន្ថែម ទៅតាមតម្រូវការជាក់ស្តែង ៕
ដោយ៖ សុខ ខេមរា