​លិខិត​មិត្ត​អ្នក​អាន​៖​ ហេតុ​អ្វី​អាជ្ញាធរ​ខណ្ឌ​អនុវត្ត​ច្បាប់​ខុស​គ្នា​?

ចែករំលែក៖

​ក្នុង​នាម​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ មាន​ច​ម្ង​ល់​ចំពោះ​បញ្ហា​ទូ​ហ្គេ​ម​បាញ់​ត្រី​ និង​ហ្គេ​ម​ស៊ីសង​ជា​ច្រើន​ទៀត​ដែល​ខណ្ឌ​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ​ចាត់ទុកជា​ល្បែងស៊ីសង​មិន​ស្របច្បាប់​ និង​ខ្លះ​បណ្តែតបណ្តោយ​ឲ្យ​ល្បែង​ហ្គេ​ម​នេះ​បន្ត​ដំណើរការ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដោយ​សំអាង​ថា​ គេ​មានច្បាប់​ទម្លាប់​ ។​ ខ្ញុំបាទ​ចង់​សួរ​ថា​ តើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​ហ្គេ​ម​ស៊ីសង​ ឬ​ហ្គេ​ម​បាញ់​ត្រី​នោះ​ត្រូវ​ចេញ​ដោយ​ស្ថាប័ន​ណា​?​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​?​ ឬ​ក៏​ក្រសួង​ជំនាញ​ណាមួយ​ ។​

T-0007

​សព្វ​ថ្ងៃនេះ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ប្រកាស​ថា​ មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ក្នុង​ទឹកដី​របស់​ខ្លួន​ទេ​ ។​ នេះ​ជា​ច្បាប់​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ​ ។​ បើ​យ៉ាង​ដូច្នេះ​ ការ​អនុញ្ញាត​ច្បាប់​ឲ្យ​មាន​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​ សុំ​ច្បាប់​ត្រឹម​សាលា​ខណ្ឌ​មែន​ឬទេ​?​ ហេតុ​អ្វី​បានជា​ខណ្ឌ​ដទៃ​ទៀត​មិន​បង្ក្រាប​ល្បែង​ខុសច្បាប់​ទាំងនោះ​ ឬ​មួយ​ជា​ហ្គេ​ម​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​?​ បើ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចេញ​ដោយ​ស្ថាប័ន​ណា​?​ បើ​វា​ចេញ​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នោះ​ហ្គេ​ម​វា​នឹង​គ្របដណ្តប់​ដល់​ខណ្ឌដូនពេញ​នោះ​ផង​ដែរ​ ។​

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​គ្រាន់តែ​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​ខណ្ឌ​ខ្លះ​មិន​បង្ក្រាប​ហ្គេ​ម​បាញ់​ត្រី​ និង​ខ្លះ​បង្ក្រាប​យ៉ាង​ដូច្នេះ​?​ ហ្គេ​ម​បាញ់​ត្រី​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ក្រុម​យុវជន​ជា​ប្រភេទ​សិស្សសាលា​ឲ្យ​វក់វី​ភ្លេច​ការ​រៀនសូត្រ​ ។​ ស្ថាប័ន​ជំនាញ​ ជា​ពិសេស​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ក៏​មិន​ដែល​ឮមាត់ឮក​ ចំពោះ​បញ្ហា​ហ្គេ​ម​បាញ់​ត្រី​នេះ​ដែរ​ ។​ ឬ​មួយ​ក៏​ទាំង​អាជ្ញាធរ​ ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​យល់​ថា​ វា​ជា​រឿង​ធម្មតា​ដែល​យុវជន​ជា​សិស្សសាលា​នាំ​គ្នា​លេង​ហ្គេ​ម​បាញ់​ត្រី​ដើម្បី​បង្កើន​ចំណេះដឹង​ និង​បង្កើន​ភាព​ឆ្លាត​វៃ​ ។​ តាម​ខ្ញុំបាទ​យល់​ គួរតែ​មានច្បាប់​រឹង​មាំ​មួយ​ថា​ តើ​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ជា​ប្រភេទ​ហ្គេ​ម​ខុសច្បាប់​ ឬ​ក៏​ស្របច្បាប់​ ។​ សុំ​ចែង​ឲ្យ​ច្បាស់លាស់​ ៕​

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print