ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចម្ងល់ចំពោះបញ្ហាទូហ្គេមបាញ់ត្រី និងហ្គេមស៊ីសងជាច្រើនទៀតដែលខណ្ឌខ្លះក្នុងរាជធានីភ្នំពេញចាត់ទុកជាល្បែងស៊ីសងមិនស្របច្បាប់ និងខ្លះបណ្តែតបណ្តោយឲ្យល្បែងហ្គេមនេះបន្តដំណើរការក្នុងមូលដ្ឋានរបស់ខ្លួន ដោយសំអាងថា គេមានច្បាប់ទម្លាប់ ។ ខ្ញុំបាទចង់សួរថា តើច្បាប់ដែលអនុញ្ញាតឲ្យមានល្បែងហ្គេមស៊ីសង ឬហ្គេមបាញ់ត្រីនោះត្រូវចេញដោយស្ថាប័នណា? អាជ្ញាធររាជធានីភ្នំពេញ? ឬក៏ក្រសួងជំនាញណាមួយ ។
សព្វថ្ងៃនេះ អាជ្ញាធរខណ្ឌដូនពេញប្រកាសថា មិនអនុញ្ញាតឲ្យមានល្បែងហ្គេមបាញ់ត្រីក្នុងទឹកដីរបស់ខ្លួនទេ ។ នេះជាច្បាប់របស់អាជ្ញាធរខណ្ឌដូនពេញ ។ បើយ៉ាងដូច្នេះ ការអនុញ្ញាតច្បាប់ឲ្យមានល្បែងស៊ីសងប្រភេទហ្គេម សុំច្បាប់ត្រឹមសាលាខណ្ឌមែនឬទេ? ហេតុអ្វីបានជាខណ្ឌដទៃទៀតមិនបង្ក្រាបល្បែងខុសច្បាប់ទាំងនោះ ឬមួយជាហ្គេមដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ? បើមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញដោយស្ថាប័នណា? បើវាចេញដោយអាជ្ញាធររាជធានីភ្នំពេញ នោះហ្គេមវានឹងគ្របដណ្តប់ដល់ខណ្ឌដូនពេញនោះផងដែរ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់គ្រាន់តែឆ្ងល់ថា ហេតុអ្វីបានជាខណ្ឌខ្លះមិនបង្ក្រាបហ្គេមបាញ់ត្រី និងខ្លះបង្ក្រាបយ៉ាងដូច្នេះ? ហ្គេមបាញ់ត្រីបានទាក់ទាញការចាប់អារម្មណ៍ក្រុមយុវជនជាប្រភេទសិស្សសាលាឲ្យវក់វីភ្លេចការរៀនសូត្រ ។ ស្ថាប័នជំនាញ ជាពិសេសក្រសួងអប់រំយុវជន និងកីឡាក៏មិនដែលឮមាត់ឮក ចំពោះបញ្ហាហ្គេមបាញ់ត្រីនេះដែរ ។ ឬមួយក៏ទាំងអាជ្ញាធរ ក៏ដូចជាស្ថាប័នជំនាញយល់ថា វាជារឿងធម្មតាដែលយុវជនជាសិស្សសាលានាំគ្នាលេងហ្គេមបាញ់ត្រីដើម្បីបង្កើនចំណេះដឹង និងបង្កើនភាពឆ្លាតវៃ ។ តាមខ្ញុំបាទយល់ គួរតែមានច្បាប់រឹងមាំមួយថា តើល្បែងហ្គេមបាញ់ត្រីជាប្រភេទហ្គេមខុសច្បាប់ ឬក៏ស្របច្បាប់ ។ សុំចែងឲ្យច្បាស់លាស់ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់