សត្វស្វា១៤ក្បាលដែលឈ្មួញរត់ពន្ធចូលមកទឹកដីថៃដោយខុសច្បាប់នោះ ត្រូវបញ្ជូនទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្តែប្រតិបត្តិការនេះមិនមែនថា គ្មានបញ្ហានោះទេ ។ មន្ត្រីអភិរក្សសត្វព្រៃបានទប់ស្កាត់ការពារណាស់ដែរ ប៉ុន្តែនៅតែមានការរត់ពន្ធ ដោយដាក់សត្វស្វាទាំងនោះនៅក្នុងទ្រុងតែមួយ ។
សត្វស្វាយ១២ក្បាលត្រូវរត់ពន្ធចូលមកក្នុងទឺកដីថៃតាំងពីតូចៗមកម្ល៉េះ ហើយដែលប៉ូលិសបានជួយរំដោះតាំងពី៧ឆ្នាំកន្លងមកនោះ ។ សត្វស្វាទាំងនេះត្រូវបញ្ជូនទៅឲ្យក្រុមអភិរក្សសត្វព្រៃស្ថិតនៅមជ្ឈមណ្ឌល Ratchaburi ចម្ងាយ៨០គីឡូម៉ែត្រភាគខាងលិចទីក្រុងបាងកក ប្រទេសថៃ ។ សត្វស្វា២ក្បាលទៀតបានកើតនៅក្នុងមជ្ឈមណ្ឌលសត្វព្រៃនោះតែម្តង ។
លោក Edwin Wiek ប្រធានអង្គការមូលនិធិមិត្តភាពសត្វព្រៃប្រទេសថៃបានថ្លែងប្រាប់ប្រភពព័ត៌មានថា សត្វស្វាទាំងនេះ តាំងពីយើងទទួលវា គឺវានៅតូចៗនៅឡើយ ។ សត្វស្វាទាំងអស់នេះគួរតែបញ្ជូនឲ្យត្រឡប់ទៅកាន់ព្រៃវិញភ្លាមៗ ។ លោកបន្តថា ឥឡូវនេះ វាយឺតពេលទៅហើយនៅក្នុងការបញ្ជូនសត្វស្វាទាំងនេះឲ្យទៅកាន់ព្រៃវិញនោះ ។
នាយកដ្ឋានឯកសារឧទ្យានជាតិប្រទេសថៃ បានបញ្ជាក់ថា សត្វស្វាទាំងនោះមានដើមកំណើតមកពីដែនកោះ Borneo ប្រទេសឥណ្ឌូនេស៊ី ។
ការរត់ពន្ធសត្វស្វាខុសច្បាប់បានកើតមានយ៉ាងហូរហែ ជាពិសេសប្រភេទសត្វស្វានេះតែម្តងមកពីតំបន់ព្រៃប្រទេសឥណ្ឌូនេស៊ី ។ សត្វព្រៃទាំងនោះត្រូវគេយកមកលក់ដើម្បីធ្វើម្ហូប ឬយកទៅធ្វើថ្នាំពេទ្យជាដើម ។ ចន្លោះឆ្នាំ២០០៦ដល់ឆ្នាំ២០០៧ ប្រទេសថៃបានបញ្ជូនសត្វស្វាប្រមាណ៥២ក្បាលឲ្យត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ បន្ទាប់ពីមានការត់ពន្ធចូលមកក្នុងទឹកដីថៃនោះ ។
សត្វស្វាដែលបញ្ជូនទៅកាន់ឥណ្ឌូនេស៊ីចុងក្រោយនេះត្រូវនាំទៅកាន់អាកាសយានដ្ឋានអន្តរជាតិដនមឿន ក្នុងក្រុងបាងកកកាលពីថ្ងៃទី១២ ខែវិច្ឆិកា ហើយត្រូវដាក់នៅក្នុងទ្រុងមួយ មុនពេលធ្វើដំណើររយៈពេល៥ម៉ោងឆ្ពោះទៅកាន់ទីក្រុង Jakarta នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីក្រុមអ្នកទទួលខុសត្រូវក្នុងកិច្ចការនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត