អាជ្ញាធរខេត្តកំពង់ធំបណ្តោយឲ្យមេព្រៃទើបតែងតាំងថ្មីជិះសេះលែងដៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចោទថា អគ្គនាយករដ្ឋបាលព្រៃឈើរបស់លោកអ៊ុង សំអាត ខ្សោយទៅចុះ, ប៉ុន្តែអាជ្ញាធរខេត្តកំពង់ធំរបស់លោកសុខ លូ ក៏កាន់តែខ្សោយណាស់ដែរ ក្នុងបញ្ហា​នៃការបង្ក្រាបបទល្មើសព្រៃឈើ ។ សម្រាប់​ប្រជាពលរដ្ឋ​មួយចំនួននៅខេត្តកំពង់ធំ ជាពិសេសស្រុកសន្ទុកយល់ឃើញថា អាជ្ញាធរខេត្តនេះ​ផ្តេកផ្តួលជាមួយ​នាយខណ្ឌរដ្ឋបាលព្រៃឈើ​ក្នុងផលប្រយោជន៍ណាមួយ ទើបនៅស្ងៀម មិនព្រម​ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អង់​តែ​ន កើតឡើង​ច្រើនជាង​មុន​ទៅទៀត​ដោយសារតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​ចាត់វិធានការ​បង្ក្រាប​ទៅតាម​តួនាទី​របស់ខ្លួន​។ គេរាយការណ៍ថា​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ដែល​ចូលកាន់​តំណែង​ជំនួស​លោក តឹ​ប ញាតា កំពុងតែ​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ការដែល​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និងជាពិសេសលោកសុខ លូ អភិបាលខេត្តតែម្តង​។

ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​មួយ​សប្ដាហ៍​កន្លងទៅនេះ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​រថយន្ត​និង​គោយន្ត​ច្នៃ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អង់​តែ​ន ឆ្លង​កាត់មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃ​អង់​តែ​ន ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​មន្ត្រី​បរិស្ថាន គឺជា​អ្នក​អនុញ្ញាត​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​តាម​អំពើ​ចិត្ត ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។

ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​ដែល​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​មន្ត្រី​បរិស្ថាន​តាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដងកាំបិត ឃុំ​មាន​រិ​ទ្ធ និង​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​រាលដាល ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ បាន​រិះគន់ថា​នៅពេល​ប្រជាពលរដ្ឋ​ដឹកអុស​ឬ​ដឹកឈើ​បន្តិចបន្តួច​យកទៅ​ជួសជុល​ផ្ទះសម្បែង គឺ​ត្រូវ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​យោគយល់​ឡើយ​។ ប៉ុន្តែ​នៅពេល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​ចេញពី​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ចូលទៅ​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​យ៉ាង​គគ្រឹកគគ្រេង មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។

ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ គិតតែ​ពី​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​គឺជា​ប្រភព​ចំណូល​របស់លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ តែម្តង​ហេតុនេះហើយ​ទើប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ កើតឡើង​កាន់តែខ្លាំង​ថែមទៀត​ ។

ប្រជាពលរដ្ឋ​បានសន្និដ្ឋានថា ការដែលអាជ្ញាធរថ្នាក់ដឹកនាំខេត្ត​នៅស្ងៀម ឬធ្វើមិនដឹងមិនឮក្នុងបញ្ហបទល្មើសព្រៃឈើ​ក្រោមក្រសែភ្នែករបស់​លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើនោះ ក៏ព្រោះតែថ្នាក់ដឹកនាំខេត្តបានសើមមាត់​ប្រចាំខែជាមួយបទល្មើសនេះហើយ ទើបមិនចាត់ការ ។ ប្រជាពលរដ្ឋនិយាយថា បើរំពឹងទៅលើអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើគឺសូន្យឈឹងទៅហើយ ទំនងជាដេកបន់ឲ្យតែមានបទល្មើស ដើម្បីឲ្យកូនចៅ​បានយក​ដង្វាយទៅថ្វាយ ។ រីឯអាជ្ញាធរខេត្តកំពង់ធំក៏ផ្តេកផ្តួលរមួលផ្សំគ្រិចយ៉ាងនេះដែរ ៕ ហេង សូរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print