ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងចំនួន៣ កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានរួម គ្នាមួយ ពាក់ព័ន្ធនឹងករណីពុលរបស់ប្រជាពលរដ្ឋ នៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគីរ មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាបានបញ្ជាក់បន្ថែមថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បានអះអាងថា ខ្លួននឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ ។
ការប្រកាសព័ត៌មានរួមគ្នានេះមាន ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧសហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ៕ នគរដ្រេហ្គន