ភ្នំពេញ៖ប៉ូលិសទំនើងដែលប្រើហិង្សាលើពលរដ្ឋត្រូវបានលោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
មន្ត្រីនគរបាលរូបនេះ ឈ្មោះ សុន ពិសាល អត្តលេខ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍ នៅនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត។
ជនសង្ស័យ និងបក្ខពួកមួយក្រុម បានប្រើអំពើហិង្សាទៅលើជនរងគ្រោះម្នាក់ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ ជនរងគ្រោះមានឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុផ្ទាល់ភ្នែកបានឱ្យដឹងថា មុនកើតេហេតុគេឃើញ ក្រុមជនបង្កបានចាប់ និងវាយយុវជនជនរងគ្រោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ជនរងគ្រោះគេឃើញស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ៕
ដោយ៖ ចេស្តា