មនុស្សយ៉ាងតិច៥០នាក់បានបាត់បង់ជីវិតចាប់តាំងពីថ្ងៃ៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា រដ្ឋ Tamil Nadu ដែលរងគ្រោះដោយសារការធ្លាក់ភ្លៀងខ្លាំងបណ្តាលឲ្យជនលិចរដ្ឋធានី Chennai ធ្វើឲ្យទីនោះរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានថ្លែងថា មនុស្សប្រមាណ៥០នាក់បានបាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ទាក់ទងជាមួយភ្លៀងធ្លាក់ខ្លាំងស្ថិតនៅក្នុងរដ្ឋខាងលើនេះតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ។ ជនរងគ្រោះភាគច្រើនស្ថិតនៅក្នុងស្រុក Cuddalore ។
នៅខណៈនេះដែរ តំបន់ Chennai ជំនន់ទឹកភ្លៀងបានបង្កឲ្យផ្អាកដំណើរការផ្សេងៗដូចជាការពន្យារពេលចេញដំណើរតាមរថភ្លើង បិទសាលារៀន ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ខ្លាំងចូលដល់ថ្ងៃទី៥ហើយនោះ។ មានការព្រួយបារម្ភថា ភ្លៀងធ្លាក់ខ្លាំង នឹងកើតមាននៅក្នុងយប់ថ្ងៃទី១៣ ខែវិច្ឆិកានេះបន្តទៀត ។
ការិល័យធ្វើការរបស់រដ្ឋ សាលារៀន និងមហាវិទ្យាល័យនៅក្នុងតំបន់ Chennai ទាំងមូលត្រូវបិទទ្វារទាំងស្រុង ។ នេះជាលើកទី៣ហើយដែលគ្រោះធម្មជាតិនេះបង្កឲ្យរាំងស្ទះដំណើរប្រព័ន្ធអប់រំនៅក្នុងតំបន់នោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត