ភ្នំពេញ៖នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ សាក្សីពីររូប នឹងត្រូវចូលបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងក្បត់ជាតិកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។
អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកគី ឫទ្ធី កោះអញ្ជើញលោកស្រីចក់ សុភាព នាយិកាប្រតិបត្តិសិទ្ធិមនុស្សកម្ពុជា ឱ្យចូលបំភ្លឺនៅវេលាម៉ោង៨៖៣០នាទី ថ្ងៃទី០៧ ខែមិថុនា នេះ ។
ចំណែកលោក មាស គឹមសេង ប្រធានអង្គការសមាគមធាងត្នោត ត្រូវចូលបំភ្លឺនៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៧ ខែមិថុនា នេះ ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួន លោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃនៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅ បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមសារអេឡិចត្រូនិច Telegram ថា ការសម្រេចពន្យារពេលឃុំខ្លួន លោក កឹម សុខា នេះគឺចៅក្រមស៊ើបសួរយល់ថា ដោយសារមានភាពចាំបាច់៕ចេស្តា