ភ្នំពេញ៖ តារាសម្តែងស្រីសាច់ខ្ចីទ្រលុកទ្រលន់កញ្ញា ហេង ស្រីពេជ្រ ស្រាប់តែផ្ទុះចេញដំណឹងលួចទៅរៀបការស្ងាត់ៗបាំងបិទភ្នែកមហាជន។ ការលេចចេញដំណឹងនេះបានធ្វើឲ្យតារាស្រីរូបនេះចេញមុខ បដិសេធមិនទទួលស្គាល់ថាជាការពិតនោះទេ។
តារាស្រីវ័យ៣៣ឆ្នាំរូបនេះលើកឡើងថា រឿងដំណឹងរៀបការគឺជារឿងយល់ច្រឡំសុទ្ធសាធតែម្តង។ នាងថាដើមហេតុបណ្តាលមកពីនាងទទួលបានការងារថតផ្សព្វផ្សាយម៉ូតសម្លៀកបំពាក់សម្អាងមួយប៉ុណ្ណោះ។ នាងថានេះគឺជាលើកទី១ដែលនាងទទួលថតការងារនេះ ហើយពិតជាទទួលបានអារម្មណ៍ប្លែក។ នាងនិយាយទាំងអស់សំណើចថាកាន់តែប្លែកគឺក្រោយពេលមានគេថានាងលួចទៅរៀបការស្ងាត់ៗនោះ។ នាងបញ្ជាក់ថា រៀបការយ៉ាងម៉េចកើតបើបច្ចុប្បន្ននាងគ្មានបុរសក្នុងបេះដូងផងហ្នឹង? ។ នាងបន្តថារឿងរៀបការជារឿងល្អ ដែលមិនមានហេតុផលត្រូវលាក់បាំងហើយ វាក៏មិនធ្វើឲ្យទីផ្សារការងារសិល្បៈនាងធ្លាក់ចុះនោះដែរ។ នាងថា បើរៀបការមែនលាក់បាំងមិនជិតទេព្រោះក្រៅពីអញ្ជើញភ្ញៀវជាអ្នកសិល្បៈ ក៏នាងនឹងអញ្ជើញទាំងបងៗអ្នកសារព័ត៌មានចូលរួមជាសាក្សីស្នេហ៍ដែរ។
តារាស្រីរូបនេះអះអាងដែរថានាងគ្មានបុរសណាក្នុងចិត្ត ទេគឺមានការខិតខំបំពេញការងារសម្តែងភាពយន្តថ្មីៗបន្តបន្ទាប់ប៉ុណ្ណោះ ប៉ុន្តែនាងក៏រំពឹងដែរថានឹងអាចមានដំណឹងល្អដូចការលើកឡើងក្នុងពេលខាងមុខនេះ៕
ដោយ វឌ្ឍនា