ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រជាពលរដ្ឋជិត២ពាន់នាក់បានមកចូលរួមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងបរិវេណសាលាបឋមសិក្សាអូរផ្លាយ ស្ថិតក្នុងអូរឡាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តរតនគិរី ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងជាបុទ្រច្បងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។ ក្នុងនោះមានប្រជាពលរដ្ឋ១៧៣៦នាក់ បានមកចូលរួមពិនិត្យព្យាបាលជំងឺទូទៅ ។
លោកបណ្ឌិតហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែបានគិតគូរជានិច្ចអំពីសុខុមាលភាពប្រជាពលរដ្ឋ ក្នុងនោះមិនត្រឹមតែបានបង្កើតនូវមន្ទីរពេទ្យ មណ្ឌលសុខភាព សេវាថែទាំសុខភាពប៉ុណ្ណោះទេ ក៏មានសមាគមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋាន លំនៅឋាន និងមានការផ្តាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវគិតគូរអំពីសុខភាពនេះជារឿងចម្បង ។
ប្រជាពលរដ្ឋជាច្រើននាក់បានសម្តែងនូវការគាំទ្រចំពោះកាយវិការយកចិត្តទុកដាពីលោកបណ្ឌិត ហ៊ុន ម៉ាណេត ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ៕
ដោយ៖ សុខ ខេមរ៉ា