ភ្នំពេញ៖ បុរសជាកម្មកររោងចក្រមា្នក់ ដែលអះអាងថាបានបាត់ម៉ូតូ បានទៅដាក់ពាក្យបណ្ដឹងសូមឱ្យប៉ូលិសប៉ុស្តិ៍ចោមចៅជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើឈ្មោះ លិន វណ្ណា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសម្ដីរៀបរាប់របស់យុវជនខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខ ទៅរកទិញម្ហូបនៅក្នុងផ្សារទល់មុខរោងចក្រ។ ពេលនោះគេបានចាក់សោករួចរាល់ហើយ ក៏បានចូលក្នុងផ្សារទេ១០នាទីប៉ុណ្ណោះ ហើយចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងដាក់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ៕
ដោយ៖ វិបុល