ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកស្ទឹងមួយកន្លែងក្នុងស្រុកកំរៀងបង្កឱ្យមានការភ្ញាក់ផ្អើលខណៈដែលគេប្រទះឃើញនៅក្បែរសាកសពមានឧបករណ៍ឆក់ត្រីខុសច្បាប់១គ្រឿង ។
ហេតុការកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
បុរសរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថាមានឈ្មោះឌឹម ច័ន្ធមន្នី អាយុ៣៦ឆ្នាំ ប្រកបមុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ ។
បើតាមប្រភពព័ត៌មានពីលោកអធិការនគរបាលស្រុកកំរៀងស្តីទីប្រាប់ឱ្យដឹងថា ក្រោយពីទទួលដំណឹងថាមានករណីមនុស្សស្លាប់នៅចំណុចខាងលើរួចមកលោកក៏បានចាត់កម្លាំង ជំនាញចុះទៅត្រួតពិនិត្យកន្លែងកើតហេតុឃរកឃើញនៅក្បែរសាកសពមានឧបករណ៍ឆក់ត្រី១គ្រឿងដែលមានធុងអាគុយ១២វ៉ុល ។ទន្ទឹមនោះដៃទាំង២របស់ជនរងគ្រោះមានសភាពរួញក្រញង់ស្នាមខ្លោច ចំណែកខ្សែភ្លើងតពីធុងអាគុយ មានស្នាមដាច់រលាត់ ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតវិភាគជុំវិញកន្លែងកើតហេតុនិងកោសល្យវិច្ច័យសពសមត្ថកិច្ចធ្វើការស្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងធុងអាគុយ។ ការស្លាប់នោះមិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។
សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចពិនិត្យតាមជំនាញរួចរាល់ក៏បានប្រគល់ឱ្យ ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សំ វិច្ឆិកា