ខេត្តកំពត៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ចំណែកឯប្តីរបស់ខ្លួនត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ក្នុងអំពើលួចដោយប្រើហិង្សា វាយទៅលើជនរងគ្រោះ។
អំពើលួចដោយហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៧នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ N 139-141 ស្ថិតក្នុងភូមិងកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត់ ខេត្តកំពត ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឹម ភួក ភេទស្រី អាយុ៥២ឆ្នាំ មុខរបរជាជីវករលក់ដូរ ជាប្រពន្ធត្រូវបានស្លាប់ និងប្តីឈ្មោះ អី កៀន អាយុ៥៤ឆ្នាំ មុខរបរជាអាជីវករ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។ ជនរងគ្រោះទាំងពីរនាក់មានទីលំនៅកន្លែងកើតហេតុខាងលើ ។
សកម្មភាពលួចដោយប្រើហិង្សានេះផងដែរ ក្រុមជនល្មើសដែលពុំទាន់ស្គាល់អត្តសញ្ញាណបានគាស់យកទូដែក១ ទៅជាមួយ គេចខ្លួនដោយសុវត្ថិភាព ហើយកម្លាំងសមត្ថកិច្ចជំនាញរបស់កងរាជអាវុធហត្ថខេត្ត និងនគរបាល កំពុងចុះស្រាវជ្រាវរកមុខសញ្ញាជនល្មើស និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ដោយ៖ សុខ ខេមរ៉ា