លោក វេង សាខុន អញ្ជើញជាអធិបតី កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលើវឌ្ឃនភាព បញ្ហាប្រឈម យុទ្ធសាស្រ្ត និងការធ្វើកំណែទម្រង់លើវិស័យកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា គ.ស ២០១៨ នៅទីស្តីការក្រសួងបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលើវឌ្ឃនភាព បញ្ហាប្រឈម យុទ្ធសាស្រ្ត និងការធ្វើកំណែទម្រង់លើវិស័យកសិកម្មក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីជារដ្ឋលេខាធិការ លោក លោកស្រី ជាអនុរដ្ឋលេខាធិការ លោកទីប្រឹក្សាក្រសួង លោក លោកស្រីជាថ្នាក់ដឹកនាំស្ថាប័ននានាក្រោមឱវាទក្រសួង លោក លោកស្រីជាមន្ត្រីរាជការប្រមាណជា ៥០០នាក់។

   ជាកិច្ចចាប់ផ្តើមលោក ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីទី១- វឌ្ឍនភាពនៃវិស័យកសិកម្ម ទី២- បញ្ហាប្រឈមដែលបានជួបប្រទះក្នុងការអនុវត្តជាក់ស្តែង ទី៣- ការធ្វើកំណែទម្រង់ក្នុងវិស័យកសិកម្ម និងទី៤-គោលនយោបាននិងផែនការអនុវត្តបន្តក្នុងនោះមានគោលនយោបាននៃការធ្វើទំនើបកម្មកសិកម្ម សមស្របទៅតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងតម្រូវការទីផ្សារទាំងក្នុងនិងក្រៅសុ្រក ផែនការជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគលើការផលិត និងកែច្នៃគ្រប់ជ្រុង ជ្រោយ ផែនការកំណត់តំបន់ដាំដុះឲ្យបានសម ស្របតាមស្ថានភាព គុណភាពដី លក្ខខណ្ឌអំណោយផលទឹក និងរចនាសម័្ពន្ធដឹកជញ្ជូន ស្តុកទុក និងកែច្នៃ។

 ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោករដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ ដឹកនាំអង្គភាពជំនាញក្រោមឱវាទ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់យកអស់ស្មារតីទទួលខុសត្រូវបំពេញតួនាទីនិងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានប្រគល់ជូនទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនិងសមិទ្ធភាពដ៏ធំធេងដែលទទួលបានកន្លងមក វិស័យកសិកម្មនៅមានបញ្ហាប្រឈមជាច្រើនដែលទាមទារឲ្យមានការដោះស្រាយ និងធ្វើកំណែទម្រង់លើគ្រប់អនុវិស័យឲ្យបានល្អប្រសើរ មានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា ឆ្លើយតមតាមតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កំណែលម្អកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ជាពិសសសមស្របតាមនិន្នាការនៃតម្រូវការទីផ្សារកសិផលដែលមានគុណភាព សុវត្ថិភាព និងស្តង់ដារ របស់ទីផ្សារនាំចូល។ 

   ទាក់ទងនិងបញ្ហានេះ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ជូនថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទឲ្យ យកចិត្តទុកដាក់ទ្វេរឡើងថែមទៀតក្នុងការបំពេញការងារ ក្នុងនោះមានអនុវិស័យកសិកម្ម(ការដាំដុះដំណាំ) គឺត្រូវធ្វើឲ្យបានល្អប្រសើរតាមការអនុវត្តកសិកម្មតាមកិច្ចសន្យា ការអនុវត្តកសិកម្មល្អ (Good Agricultural Practices) ការកំណត់តំបន់ដាំដុះ ការផលិតពូជសុទ្ធល្អ ការលើកទឹកចិត្តដល់ការវិនិយោគលើការផលិត ការកែច្នៃ វេចខ្ចប់ និងនាំចេញ។ បង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនថែមទៀត ធានាបាននូវកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង។ ត្រូវបង្កើនការងារស្រាវជ្រាវ ផ្សព្វផ្សាយ និងលើកកម្ពស់ការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌល កន្លែងពិសោធន៍ឲ្យមានសកម្មភាពឡើងវិញ ដើម្បីបំពេញតួនាទីជាអ្នកផលិតពូជសុទ្ធល្អ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល។ ពង្រឹងនិងពង្រីកការអនុវត្តបច្ចេកទេសគ្រឿងយន្តកសិកម្មធានាបានគុណភាព សុវត្ថិភាព និងសមស្របទៅតាមលទ្ធភាពរបស់អ្នកប្រើប្រាស់។ ចំពោះអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ អគ្គនាយកដ្ឋានត្រូវយកចិត្តទុកដាន់លើការផលិតដំណាំចំណីសត្វបំពេញបង្គ្រប់តម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល។ ពង្រឹងនិងពង្រីកការផ្សព្វផ្សាយការអនុវត្តផលិតកម្មសត្វល្អ(Good Animal Husbandry Practice, GHP) និងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ អនុក្រឹត្យ និងសេចក្តីប្រកាសក្រោមច្បាប់ឲ្យមានប្រសិទ្ធភាព។ ពង្រឹងនិងពង្រីកការត្រួតពិនិត្យសុខភាពសត្វ គុណភាពនិងសុវត្ថិភាពសាច់ និងផលិតផលសត្វ ដើម្បីធានាបានសុវត្ថិភាព សុខភាពសាធារណៈ។ ចំពោះវិស័យជលផលនិងព្រៃឈើ លោករដ្ឋមន្រ្តីបានជូនមតិឲ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ត្រូវខិតខំធ្វើកំណែទម្រង់វិស័យទាំងពីរនេះដូចជាកំណែទម្រង់ច្បាប់ ការគ្រប់គ្រងនិងអនុវត្តច្បាប់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ជាពិសេសផ្តល់ជូនអគ្គលេខាធិការ ធ្វើការពិនិត្យ និងពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ដើម្បីដាក់ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើតរាជបណ្ឌិតវិទ្យាសាស្រ្តកសិកម្ម ។ លើកកម្ពស់លើការគ្រប់គ្រងការផលិត ការកៃច្នៃ និងនាំចេញ ខិតខំនិងយកស្មារតីទទួលខុសត្រូវទប់ស្តាត់នូវរាល់បទល្មើសឲ្យមានសប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសហគមន៍តាមរយៈការបង្កើតមុខរបរថ្មី ដើម្បីបង្កើនប្រាក់ចំណូលសហគមន៍ កាត់បន្ថយការពឹងផ្អែកលើផល និងអនុផលធនធានធម្មជាតិ។ ជារួមអនុវិស័យទាំងអស់ត្រូវបន្តពង្រឹងនិងពង្រីកការប្រើប្រាស់ ការផ្សព្វផ្សាយព័ត៌មានវិទ្យាឲ្យបានត្រឹមត្រូវច្បាស់លាស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា ទាក់ទងនិងវិស័យកសិកម្មជូនប្រជាកសិករ។  

អង្គប្រជុំបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដោយឈរលើស្មារតីសាមគ្គីភាព សហការ និងភាពទទួលខុសត្រូវខ្ពស់៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print