ភ្នំពេញ ៖ ហេតុការណ៍មិនធ្លាប់មានមួយបានកើតឡើងខណះមានស្ត្រីពីរនាក់ស្រលាញ់គ្នាគ្មានអ្វីប្រៀនបាន បេះមិនដាច់ជាងស្កតាំងម៉ែដោយដើរតួជាប្តីប្រពន្ធរួមសុខទុក្ខនិងគ្នា តែបែជាឪពុកម្តាយខាងស្រីមកបំបែកព្រោះចង់អោយកូនស្រីមានអនាគតល្អហើយបានមកចាប់សែងលើកដឹកតាមរថយន្តទៅផ្ទះវិញ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ភាគីដើរតួអង្គប្ដីឈ្មោះ វ៉ាត់ សុខន អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរជាមួយគ្នា មានទីលំនៅក្នុងភូមិត្រពាំងធ្នង់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកភាគីដែលដើរតួអង្គប្រពន្ធមានឈ្មោះ ឈាង វី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិស្តុក ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានអោយដឹងថា គូរស្នេហ៍ភេទដូចគ្នាខាងលើមានការស់នៅរួមសុខរួមទុក្ខជាមួយគ្នារយៈពេល៧ឆ្នាំមកហើយដោយមានអនុស្សាវរីយ៍គ្រប់រស់ជាតិមិនអាចបំភ្លេចបានហើយពួកគេបានសច្ចាយកគ្នាជាប្ដីប្រពន្ធ និងរស់នៅជាមួយគ្នាអស់មួយជីវិត ។ ពួកគេបានរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះខាងតួអង្គប្រុស។ ចំណែកឪពុកម្ដាយ និងក្រុមគ្រួសារខាងតួអង្គប្រុសមិនបានបំបែកបំបាក់កូនទេ ហើយបានចាត់ទុកថា ជាកម្មពៀរ និងនិស្ស័យគូព្រេងរបស់កូនដែលស្រឡាញ់ភេទដូចគ្នាបែបនេះ។ ប៉ុន្តែចំពោះឪពុកម្ដាយក្រុម គ្រួសារខាងតួអង្គស្រីវិញមិនដូច្នោះឡើយ។ តែងតែស្ដីប្រដៅកុំឲ្យកូនធ្វើបែបនេះ ព្រោះវានាំឲ្យវង្សត្រកូល គ្រួសារ ទទួលរងភាពអាម៉ាស់ និងតែងអូសទាញយកកូនស្រីត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់។ ប៉ុន្តែទោះជាខំប្រឹងយ៉ាងណាក៏កូនស្រីមិនតាមឡើយ ព្រោះនាងបានសម្រេចចិត្តរស់នៅជាប្ដីប្រពន្ធជាមួយ តួអង្គប្រុសរហូតចាស់កោងខ្នងរួចទៅហើយ។
តែដោយទ្រាំភាពអាម៉ាស លែងបានទើបឪពុកម្ដាយខាងស្រីសម្រេចចិត្តលើកគ្នាទៅនាំកូនស្រីត្រឡប់ទៅផ្ទះវិញធ្វើយ៉ាងណាត្រូវតែនាំទៅឲ្យខានតែបាន។ ពេលទៅដល់បានឪពុកម្ដាយបាននាំកូនស្រីរួមទាំងតួអង្គប្រុសទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសម្របសម្រួលគ្នា សុំយកកូនស្រីត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលនោះកូនស្រីបានប្រកែកដាច់ អហង្ការថា មិនទៅចោលប្ដីសំណព្វចិត្តឡើយ។ ដោយគ្មានជម្រើសទើបឪពុកម្ដាយក្រុមគ្រួសារ សម្រេចចិត្តចាប់សែងកូនស្រីលើកដាក់បញ្ចូលទៅក្នុងរថយន្តដឹកចាកចេញទៅបាត់។ ខណៈនោះដែរតួអង្គប្រុសបានស្រែកឲ្យនគរបាលជួយឃាត់កុំឲ្យឪពុកម្ដាយខាងតួអង្គស្រីនាំយកកូនត្រឡប់វិញដែរ តែនគរបាលគ្មានសិទ្ធិហាមឃាត់ឡើយ។ ហើយទីបំផុតតួអង្គប្រុសបានត្រឹមអង្គុយយំ សោកាទាំងក្ដីអស់សង្ឃឹម ៕
ដោយ៖ សុខសែនជ័យ