Update (ព័ត៍មានចុងក្រោយ )លោកស្នងការខេត្ត៖ គឺអ្នកម្នាង អ៊ុក ផល្លា បានសោយទិវង្គត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ ខណៈព្រះអង្គត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកបន្តសង្គ្រោះនៅភ្នំពេញ

ចែករំលែក៖

ព្រះសីហនុ៖ គួរអោយសោកស្តាយ ខណះ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក អ្នកម្នាង អ៊ុក ផល្លា បានសោយទិវង្គត នៅវេលាម៉ោងជាង១២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម​ រណឫទ្ធ កាលពីព្រឹកមិញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃនេះថា អ្នកម្នាង អ៊ុក ផល្លា ពិតជាបានសោយទិវង្គត តាំងពីវេលាម៉ោង១២៖២៣នាទី ដោយសាររបួសធ្ងន់ធ្ងរពេក។ ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ដនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបើកលឿន និងវ៉ាជែងរថយន្តនៅពីមុខ តែវ៉ាមិនផុត ក៏វ៉ាក់អើ ហើយរេចង្កូតបុកចូលព្រះទីនាំងរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគីរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។

កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ ហើយកាលនោះអ្នកម្នាង អ៊ុក ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print