សពអ្នកម្នាង អ៊ុក ផល្លា តម្កល់ធ្វើបុណ្យនៅវត្តបទុមវតីខណៈសម្តេចក្រុមព្រះ ព្យាបាលរបួសនៅក្រុងបាងកក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃ ចន្ទ ៦ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ សពអ្នកម្នាង អ៊ុក ផល្លា ត្រូវបានដឹកចេញពីមន្ទីរពេទ្យយកទៅតម្កល់នៅវត្តបទុមវតីដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានបញ្ជូនយកពៅព្យាបាលបន្តនៅទីក្រុងបាងកកប្រទេសថៃនោះ។

អ្នកម្នាង អ៊ុក ផល្លា ជាព្រះទាយា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលមរណភាពបន្សល់ទុកកូនពីរនាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ដោយសាររថយន្តឈ្នួលម៉ាកហាយឡិនឌ័រមួយគ្រឿងបើកបុករថយន្តរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គ និងអ្នកម្នាងកំពុងយាងចុះទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសាររថយន្តឈ្នួលហាយឡិនឌ័រ បានព្យាយាមបើកជែងរថយន្តធំមួយបើកក្នុងទិសដៅស្របគ្នាក្នុងទិសដៅពីព្រះសីហនុ មកភ្នំពេញ ក៏ជ្រុលចូលទៅបុករថយន្តសម្តេចក្រុមព្រះដែលមានទិសដៅផ្ទុយគ្នានោះ ធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសម្តេចក្រុមព្រះបានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅព្យាបាលនៅទីក្រុងបាងងកក ប្រទេសថៃ។ ដោយឡែកភាគីរថយន្តហាយឡិនឌ័រវិញ ដែលមានអ្នកជិះរហូតដល់ទៅ៦នាក់ នោះបានរងរបួសធ្ងន់ស្រាល ក្នុងនោះបុរសជនជាតិចិនម្នាក់ដែលជិះក្នុងរថយន្តហាយឡិនឌ័រដែររងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ខណៈដែលអ្នកបើកបររថយន្តសម្តេចក្រុមព្រះ បានរងរបួសស្រាលត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញដែរនោះ៕ ឆ្លាមសមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print