ទំនុកចិត្តគ្នាជារឿងសំខាន់បំផុតសម្រាប់ឆ្ពោះទៅលុបបំបាត់បរមាណូប្រទេសកូរ៉េខាងជើង

ចែករំលែក៖

ការផ្តល់ទំនុកគ្នាទៅវិញទៅមកគឺជារឿងសំខាន់បំផុត សម្រាប់ការលុបបំបាត់អាវុធបរមាណូនៅកូរ៉េខាងជើង ក៏ដូចជាឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចជាច្រើនផ្សេងទៀត ។ នៅពេលនេះ ប្រទេសនៅក្នុងតំបន់ ចាំបាច់ត្រូវតែធ្វើយ៉ាងណាឲ្យមានទំនុកចិត្តគ្នាទៅវិញទៅមក។

កន្លងមកថ្មីៗ នាយករដ្ឋមន្រ្តីជប៉ុន បានជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមលុបបំបាត់ចោលភាពមិនជឿទុកចិត្តរវាងគ្នានឹងគ្នា។ ប្រមុខរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ផងដែរ ពីការប្រឹងប្រែងរបស់ជប៉ុនក្នុងការជំរុញឲ្យមានជំនួបកំពូល ជប៉ុន ជាមួយ កូរ៉េខាងជើង នៅ បន្ទាប់ពីមេដឹកនាំអាមេរិក ចិន និងកូរ៉េ ខាងត្បូង ដោយម្នាក់ៗសុទ្ធតែបានបើក ជំនួបកំពូលទ្វេភាគី ជាប្រវត្តិសាស្រ្តជាមួយ មេដឹកនាំកូរ៉េខាងជើង។

លោកនាយករដ្ឋមន្រ្តី សុីនហ្សូអាបេ បាននិយាយប្រាប់ទូរទស្សន៍ជប៉ុនថា រដ្ឋាភិបាលរបស់លោកបានទាក់ទងភាគីកូរ៉េខាងជើងតាមគ្រប់បណ្តាញដើម្បីអាចរៀបចំជំនួបកំពូលជាមួយ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ មេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ លោកគីម ជុងអ៊ុន បានក្លាយជាមេដឹកនាំប្រទេសផ្តាច់ការ ដែលត្រូវបានគេស្វាគមន៍ ចង់បើកជំនួប កំពូលជាមួយ។

ជប៉ុនចង់បើកការចរចាជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយជាអាទិភាព លើ សំណុំរឿងចាប់ជំរិតជនជាតិជប៉ុន ដោយ កូរ៉េខាងជើង កាលពីអំឡុងទសវត្សរ៍ ឆ្នាំ ១៩៧០ និង១៩៨០។ លោកនាយករដ្ឋ មន្រ្តី ជប៉ុនផ្ទាល់ ធ្លាប់បានបញ្ចេញឲ្យដឹងជាសាធារណៈថា លោកចង់ជួបលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដើម្បីដោះស្រាយសំណុំរឿងចាប់ជំរិតជនជាតិជប៉ុន ប្រមាណ ១៧នាក់ ដែលត្រូវបានកូរ៉េខាង ជើងចាប់ជំរិត ដើម្បីយកទៅបង្រៀន ភាសា និងវប្បធម៌ជប៉ុនដល់ចារកិច្ចកូរ៉េខាងជើង។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ប្រមុខរដ្ឋាភិបាលជប៉ុនបានអះអាងផងដែរថា ជប៉ុនត្រៀមខ្លួនដើម្បីជួយផ្នែកថវិកា សម្រាប់ការចំណាយលើសកម្មភាពរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

“ជារឿងធម្មតា ដែលជប៉ុន និងប្រទេស ដទៃទៀត ដែលអាចធូរស្រាលពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវជួយចេញថ្លៃចំណាយលើការលុបបំបាត់អាវុធ នុយក្លេអ៊ែរ នៅកូរ៉េខាងជើង” នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុន ដែល បានបញ្ជាក់ផងដែរថា ជប៉ុន នឹងផ្តល់ជំនួយថវិកាដល់កូរ៉េខាងជើង ក្នុង លក្ខខណ្ឌណា ដែលសំណុំរឿងចាប់ជំរិត ជនជាតិជប៉ុន ដោយកូរ៉េខាងជើង ត្រូវដោះស្រាយឲ្យចប់សព្វគ្រប់តែប៉ុណ្ណោះ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន នឹងត្រូវធ្វើសេចក្តីប្រកាសនៅសប្តាហ៍នេះ ព្យួរការ ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដូចអ្វីដែលលោក ដូណាល់ ត្រាំ បានសន្យាជាមួយលោក គីម ជុងអ៊ុន នាឱកាសជំនួបកំពូលជាប្រវត្តិសាស្ត្រ នៅសិង្ហបុរី កាលពីសប្តាហ៍មុន។ គឺទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុង ហាប់ Yonhap ជាអ្នកពាំនាំដំណឹងនេះ មក ផ្សព្វផ្សាយ ដោយមានប្រភពពីរដ្ឋាភិបាលជាសំអាងផង។

នៅក្នុងជំនួបជាប្រវត្តិសាស្ត្រ ជាមួយមេដឹកនាំកូរ៉េខាងជើងនៅប្រទេសសិង្ហបុរី លោកប្រធានាធិបតីអាមេរិក បានបង្ក បង្កើតភាពភ្ញាក់ផ្អើលមួយ ដោយប្រកាសថានឹងបិទបញ្ចប់សមយុទ្ធជាប្រពៃណីរវាងអាមេរិកនឹងកូរ៉េខាងត្បូង។

សេចក្តីសម្រេចនោះធ្វើឡើង ដោយគ្មានប្រាប់ឬជូនដំណឹងដល់ក្រសួងការពារជាតិអាមេរិក ឬអាជ្ញាធរកូរ៉េខាងត្បូងដែលពាក់ព័ន្ធជាមុនទេ។ លោកត្រាំ បានសន្យាជា មួយប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឈប់ធ្វើលំហាត់សឹក ព្រោះជាល្បែង សង្គ្រាម ដែលចំណាយថ្លៃអត់ប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ។

លំហាត់សឹកអាមេរិក-កូរ៉េខាងត្បូង ត្រូវ បានរៀបចំឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ១៩៧៦មក ដោយមានទាហានខាងកូរ៉េ ខាងត្បូង ប្រមាណ២០ម៉ឺននាក់ និងទាហានអាមេរិកប្រមាណ៣ម៉ឺននាក់ចូលរួម។

គេត្រូវរង់ចាំដល់ពីរថ្ងៃក្រោយជំនួបនៅសិង្ហបុរី ទើបឃើញវ៉ាស៊ីនតោន បញ្ជាក់ ព័ត៌មានថា សមយុទ្ធអាមេរិកនិងកូរ៉េខាង ត្បូងពិតជានឹងត្រូវផ្អាកក្នុងរយៈពេលមួយ ដោយគ្មានកាលកំណត់ ហើយនៅសប្តាហ៍ នេះ សេអ៊ូល និងវ៉ាស៊ីនតោន នឹងត្រូវធ្វើសេចក្តីប្រកាសជាផ្លូវការ បិទបញ្ចប់សមយុទ្ធដ៏សំខាន់ប្រចាំតំបន់ និងដែលជាតំណាងអាទិភាពដ៏សំខាន់មួយរបស់ភាគីកូរ៉េខាងជើង ក្នុងកិច្ចចរចា។

គេនៅចងចាំបានថា កាលពីខែឧសភា គ្រាន់តែអាមេរិកនិងកូរ៉េខាងត្បូង បានផ្តើមធ្វើសមយុទ្ធដូចការគ្រោងទុកវិញភ្លាម ព្យុងយ៉ាងបានលុបចោលជំនួបជាន់ខ្ពស់ជា មួយកូរ៉េខាងត្បូង នៅនាទីចុងក្រោយ និង បានគំរាមលុបចោលជំនួបជាមួយលោក ដូណាល់ ត្រាំ នៅសិង្ហបុរីចោលវិញទៀត ព្រោះ លំហាត់សឹកទ្វេភាគីនេះជាតំណាងនៃការគំរាមកំហែងលើរបបព្យុងយ៉ាង។

ដោយមានប្រភពព័ត៌មានចេញពីរដ្ឋាភិបាលកូរ៉េខាងត្បូងជាសំអាង ភ្នាក់ងារ យ៉ុនហាប់ បានគូសបញ្ជាក់នៅថ្ងៃអាទិត្យ នេះថា សមយុទ្ធជាប្រពៃណីរបស់អាមេរិកនិងកូរ៉េខាងត្បូង នឹងអាចរៀបចំធ្វើឡើង វិញ តែដរាបណារបបព្យុងយ៉ាងមិនផ្តល់ កិត្តិយសគោរពកិច្ចសន្យារំសាយកម្មវិធី អាវុធនុយក្លេអ៊ែរទាំងស្រុង ពីឧបទ្វីបកូរ៉េ តែប៉ុណ្ណោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print