ភ្នំពេញ ៖ អំពើពុករលួយដ៏ធ្ងន់ធ្ងរដែលបានកើតមានឡើងនៅមន្ទីរការងារខេត្តកោះកុងនិងនៅនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចុប្បន្នសំណុំរឿងទាំងពីរនេះកំពុងតែធ្វើឲ្យមន្ត្រីតូចតាចនិងមន្ត្រីរងគ្រោះសំដែងនៅប្រតិកម្មជុំវិញករណីខាងលើនេះ និងទាមទារឲ្យលោករដ្ឋមន្ត្រី អ៊ិត សំហេង បើកការស៊ើបអង្កេតលើសំណុំរឿងទាំងពីរនេះជាបន្ទាន់ឡើងវិញ។
តាមប្រភពពីមន្ត្រីមន្ទីរការងារខេត្តកោះកុងបានឲ្យដឹងថាកន្លងមកប្រធានមន្ទីររបស់ខ្លួនគឺលោក យក់ សង្វាត បានប្រព្រឹត្តិអំពើពុករលួយកឹបកេងថវិកាជាតិនិងថវិកាផលប្រយោជន៍មន្ត្រីរាជការក្រោមឧវាទយ៉ាងច្រើនអស់រហូតដល់ខ្ទង់ជិត១០០០លានរៀល ប៉ុន្តែបែរជាក្រុមសវនកម្មផ្ទៃក្នុងដែលមានលោក គង់ ច័ន្ទតារា ជាប្រធាននាយកដ្ឋាននិងលោក ចូវ សេដ្ឋា ជាអនុប្រធានរួមនិងក្រុមការងាររបស់អគ្គារធិការដ្ឋានដែលដឹកនាំដោយលោកអគ្គារធិការរង ម៉ា សុទ្ធា របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបែរជារកពុំឃើញនៅរឿងអាស្រូវរបស់ប្រធានមន្ទីរនេះទៅវិញ។ ផ្ទុយទៅវិញទាំងក្រុមសវនកម្មផ្ទៃក្នុងនិងអគ្គារធិការដ្ឋានបែរជារកឃើញកំហុសតូចតាចរបស់មន្ត្រីនៅក្នុងមន្ទីរការងារដែលជាមន្ត្រីមិនស៊ីខ្សែរជាមួយលោកប្រធានមន្ទីរ យក់ សង្វាត ដោយក្រុមទាំងពីរនេះបានរួមដៃជាមួយលោកប្រធានមន្ទីរ យក់ សង្វាត ដកហូតតួនាទីមន្ត្រី៤រូបពីមន្ទីរការងារខេត្តកោះកុងឲ្យមកឈរជើងដោយបង្ខំនៅក្រសួងទៀតផង។
តាមប្រភពពីមន្ត្រីដដែលបានឲ្យដឹងថាមូលហេតុដែលោកប្រធានមន្ទីរ យក់ សង្វាត បានរៀបយុទ្ធសាស្ត្រផ្លាស់ផ្តូរភារៈកិច្ចពីមន្ទីរការងារខេត្តកោះកុង ឲ្យមកនៅក្រសួងគឺដើម្បីរូបគាត់ងាយស្រូលក្នុងការប្រព្រឹត្តិអំពើពុករលួយ ព្រោះកន្លងមកមន្ត្រីទាំងនោះតែងតែ ជំទាស់ទៅនិងការប្រព្រឹត្តិអំពើពុករលួយរបស់លោកប្រធាន្ទីរ យក់ សង្វាត ធ្វើឲ្យលោកប្រធានមន្ទីរមួយនេះមានគំនុំនិងរត់រកអន្តរាគមន៍ជួយជ្រុំជ្រែងពីសំណាក់លោកប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង គង់ ច័ន្ទតារា និងអគ្គារធិការរង ម៉ា សុទ្ធា ដែលត្រូវជាបងប្អូនធម៌ជាមួយនិងលោកប្រធានមន្ទីរដែលរាប់អានគ្នាតាមរយៈការចុះទៅធ្វើអធិការកិច្ចនិងសវនកម្ម ដោយសារតែលោកប្រធានមន្ទីរចេះចែករំលែកផលប្រយោជន៍ដែលបានមកពីការប្រព្រឹត្តិអំពើពុករលួយនោះ ទើបអ្នកទាំងបីបានរាប់អានគ្នាជាបងប្អូនធម៌និងជួយយកអាសារគ្នាទៅវិញទៅមក។
មន្ត្រីនៅមន្ទីរការងារខេត្តកោះកុងនិងមន្ត្រីនៅនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងការងារបានអំពាវនាវសុំអោយលោករដ្ឋមន្ត្រី អ៊ិត សំហេង លោកទេសរដ្ឋមន្ត្រី ឧម យិនទៀង ប្រធានអង្គប្រឆាំងអំពើពុករលួយ អាជ្ញាធរខេត្តកោះកុងរួមនិងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតជួយរកយុត្តិធម៌ដល់មន្ត្រីរងគ្រោះនិងចាត់វិធានការលើមន្ត្រីខិលខូចដែលបានរួមដៃគ្នាប្រព្រឹត្តិអំពើពុករលួយកឹបកេងថវិកាជាតិដូចជាករណីលោកប្រធានមន្ទីរការងារខេត្តកោះកុង យក់ សង្វាត និងលោកប្រធានសវនកម្មផ្ទៃក្នុង គង់ ច័ន្ទតារា ដើម្បីផ្តន្ទារទោសទៅតាមផ្លូវច្បាប់ ៕