ខេត្តកំពង់ធំ ៖ លោក ធីវ វណ្ណធីបានបញ្ជាឲ្យមន្រ្ដីពេទ្យសត្វនាំរថយន្ដដឹកជ្រូកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ ស្លាកលេខ ព្រះសីហនុ 3A.២២១១ ផលិតនៅប្រទេសកូរ៉េ របស់ក្រុមហ៊ុនCPដែលបានប្រព្រឹត្តល្មើសទៅ និងអនុក្រឹត្យលេខ១៦អ.ន.ក្រ.បក ចុះថ្ងៃ១៣ ខែមិនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាល ត្រង់មាត្រា៩ កថាខណ្ឌទី២ និងទី៦ស្តីពី មិនមានលិខិតស្នាមពាក់ព័ន្ធ និងជំនាញ បសុពេទ្យ និង វិញ្ញាបនប័ត្រ បញ្ជាក់សុខភាពសត្វពីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តដែលនាំចេញ ហេតុការណ៍នេះបានធ្វើឡើងក្រោយពេលដែលអាជ្ញាធរស្រុកសំបូរ និងប្រធានកសិកម្មស្រុកសំបូរ ធ្វើការឃាតរថយន្ដនេះ ដោយគ្មានឯកសារ ឬលិខិតស្នាម គ្មានច្បាប់អនុញ្ញាតអ្វីសោះ សូម្បីតែរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកក៏បានក្រុមហ៊ុននេះយកជ្រូកទៅលូចលាក់ចែកចាយ យ៉ាងអនាណាធិតេយ្យដែរ ។
ជាក់ស្ដែងនៅថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទីព្រឹក អាជ្ញាធរស្រុកសំបូរ និងប្រធានមន្ទីរកសិកម្មស្រុកសំបូរ បានចុះត្រួតពិនិត្យ រថយន្តដឹកជ្រូកcp ស្លាកលេខ 3A 2211 ចេញពីខេត្តស្ទឹងត្រែង មកកាន់ស្រុកប្រាសាទសំបូរដែលគ្មានលិខិតអនុញ្ញាត ដែលម្ចាស់ក្រុមហ៊ុន ឈ្មោះផែនសារ៉េត ទីតាំងនៅភូមិសំបូរ(អូរអាចាក) ក្រោយពីពិនិត្យគ្មានលិខិតស្នាមក៏រាយការណ៍មកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដើម្បីផាកពិន័យជាទឹកប្រាក់ចំនួន២.០០០.០០០រៀល ពី ច្បាប់ស្តីពីសុវត្ថិភាពគុណភាពចំណីអាហារ ។
ក្នុងនោះដែរមតិមហាជនដាក់ការសង្ស័យថា ក្រុមហ៊ុនស៊ីភីទំនងជាត្រូវរ៉ូវជាមួយលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានជាចរាចរសត្វរស់នៅក្នុងខេត្តកំពង់ធំ គ្មានលិខិតបញ្ជាក់សុខភាពសត្វ និងលិខិតអនុញ្ញាតដឹកជញ្ជូនរហូតដល់ រដ្ឋបាលស្រុកប្រាសាទសំបូរឃាត់ចាប់ រថយន្ដមួយគ្រឿងដឹកជ្រូកចំនូន១៤០ក្បាល ដោយដឹកពីខេត្តស្ទឹងត្រែង មកចែកចាយពាសពេញខេត្តកំពង់ធំ ជាយូរឆ្នាំមកហើយ ដោយមន្ត្រីជំនាញថ្នាក់ស្រុក ក្រុង មិនហ៊ានត្រួតពិនិត្យសុខភាពទេ ដោយខ្លាចអំណាចលោកចាន់បញ្ញាវ័ន្ដ និងលោកម៉ក យុទ្នាអនុប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំ ។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានប្រាប់ក្នុងកិច្ចសម្ភាសថា លោកក្ដៅក្រហាយជាមួយនឹងមន្រ្ដីគ្រាប់ល្ពៅរបស់លោក មួយចំនួន ចេះតែធ្វើរបាយការណ៍បោកប្រាស់លោក ជារឿយៗ រហូតមកដល់ពេលនេះ លោកប្រើធម៌ក្ដៅម្ដង បានបញ្ជាឲ្យអូសរថយន្ដ ដឹកជ្រូកគ្មានច្បាប់នោះមកផាកពិន័យតាមច្បាប់ ។
ព្រូរថយន្ដ ម្នាក់បានប្រាប់ក្នុងកិច្ចសម្ភាសថា រាល់ដងគ្មានច្បាប់អនុញ្ញាតដូចគ្នា តែគ្មាននរណាហៅសួរ ឬត្រួតពិនិត្យរកច្បាប់នោះទេ ទើបតែពេលនេះហេតុអីក៏សួររកច្បាប់? ។
លោកចាន់ បញ្ញាវ័ន្ដទំនងជាក្រពុលមុខខ្លាំងហើយ ដោយសារគេបានដឹងរឿងរបស់ខ្លួនច្រើន ទើបលោកឆ្លើយក្នុងកិច្ចសម្ភាស ទាំងកម្រោលថា(លោកកុំអាល ខ្ញុំធ្វើការសិន) ក្រោយពីលោកធ្វើការរួច ពុំបានឆ្លើយតបមកវិញទេ រហូតមកដល់ពេលនេះ៕ ប៊ុន រិទ្ធី