ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋ២២ខ្នង ស្មើនិង៣១ គ្រួសារសង់ឡើងពីឈើ ប្រក់សង្ក័សី នៅចំណុចផ្លូវប៉េតុង ក្នុងភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ត្រូវបានឆេះអស់ទាំងស្រុង នៅវេលាម៉ោង៥ និង០០នាទីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ។
របាយការណ៍សមត្ថកិច្ចជាបឋមបញ្ជាក់ថា លំនៅឋានដែលឆាបឆេះ ជាលំនៅឋានសង់ជាប់គ្នាយ៉ាងរដឹកតែម្តង ។ ក្នុងហេតុការណ៍ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
អគ្គីភ័យបានឆាបឆេះអស់រយះពេល១ម៉ោង ដោយបំផ្លាញលំនៅឋានប្រជាពលរដ្ឋ២២ខ្នង ត្រូវបានឆេះអស់ទាំងស្រុង ។
ក្នុងនោះកម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ២៧គ្រឿង ក្នុងនោះ ៥គ្រឿង មកពីអាវុធហត្ថរាជធានីភ្នំពេញ និង២២គ្រឿងទៀតមកពីស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ។ របាយការណ៍បញ្ជាក់ទៀតថា អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ នៅវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃខែដដែល ។
សមត្ថកិច្ចបានអោយដឹងថា ចំពោះហេតុការណ៍ឆេះខាងលើនេះ ក្នុងការចុះអន្តរាគមន៍ កម្លាំងជំនាញអគ្គិភ័យមានការ លំបាកខ្លាំង ព្រោះស្ថានភាពផ្លូវនៅតំបន់កើតហេតុជាផ្លូវមានលក្ខណះតូចចង្អៀត ពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់ណាស់ ។
ចំពោះមូលហេតុ នៃការឆាបឆេះ កម្លាំងជំនាញពុំទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច្ច័យ នៅពេលក្រោយ ៕ ជ្រោយចង្វារ