ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាតារាសម្ដែង និងជាពិធីការិនីកូនកាត់ខ្មែរ–អាល្លឺម៉ង់ ម៉ៃ យ៉ា បង្ហោះថាកញ្ញា តៀមនឹងបញ្ចប់អាជីពសិល្បៈរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីទៅរស់នៅជាមួយឪពុកម្ដាយរបស់ខ្លួននៅឯប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងណាដំណឹងនេះត្រឹមតែជារឿងស្រពិចស្រពិលប៉ុណ្ណោះខណៈដែលនាងនៅមិនទាន់ច្បាស់អំពីពេលវេលាពិតប្រាកដនៃការចាកចេញឬយ៉ាងណានោះទេ។
ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះដែលតារាសម្តែងស្រីស្រស់សោភា ម៉ៃ យ៉ាប្រឡូកក្នុងអាជីពសិល្បៈ ហើយទទួលបានជោគជ័យមិននឹកស្មានដល់ព្រោះតែរូបសម្រស់ និងសមត្ថភាពនៃការសម្តែង និងនិយាយបានល្អ។ កន្លងទៅនៅលើគណីយហ្វេសប៊ុករបស់នាងបានបង្ហោះអំពីការប្រកាសឈប់ពីសិល្បៈឆាប់ៗរហូត ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ។តារាសម្ដែងកូនកាត់វ័យក្មេងរូបនេះ បានបង្ហាញភាពសោកស្ដាយផងដែរ សម្រាប់ការប្រឡូកចូលសិល្បៈរយៈពេលខ្លី ដោយលើកឡើងថា នាងពិតជាស្រលាញ់ និងចូលចិត្តការសម្ដែងសិល្បៈខ្លាំង ក៏ប៉ុន្តែគ្រួសារបង្ខំទើបកញ្ញាសម្រេចចិត្តជ្រើសរើសទៅតាមគ្រួសារនៅបរទេស។ទោះជាយ៉ាងណានាងនៅមិនទាន់ច្បាស់ពីពេលវេលា នៃការឈប់ពីអាជីពសិល្បៈនេះនៅឡើយទេ ក៏ប៉ុន្តែ ម៉ៃយ៉ា ប្រាប់ថាអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ។
អ្វីដែលធ្វើឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រនាងមានការសោកស្តាយព្រោះ តែ ម៉ៃ យ៉ា បានសាងប្រជាប្រិយភាពយ៉ាងឆាប់រហ័សតាមរយៈសមត្ថភាព និងរូបសម្ផស្សរបស់ខ្លួន។ ក្នុងនោះអ្វីដែលធ្វើឱ្យទស្សនិកជន និងផលិតករចាប់អារម្មណ៍ខ្លាំង គឺការប្រកាសមិនសម្ដែងភាពសិចស៊ី ទោះជាផលិតករណាផ្ដល់ប្រាក់ច្រើនក៏ដោយ។
ទីផ្សារសិល្បៈរបស់តារាកូនកាត់ស្រស់ស្អាតរូបនេះ កាន់តែមានភាពល្បីល្បាញខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ មិនចាញ់តារាមួយចំនួនប៉ុណ្ណោះទេ។ជាក់ស្ដែង ឆ្នាំ២០១៧ កន្លងទៅ កញ្ញាទទួលថតខ្សែភាពយន្តភាគបាន៧រឿង និងរឿងដុំជាច្រើនទៀត។ ក្នុងឆ្នាំ២០១៨ ទាំងរឿងភាគ និងរឿងដុំ គឺកញ្ញាទទួលបានកុងត្រាជាច្រើន ពីផលិតកម្ម ក្នុងស្រុក រហូតដល់គ្មានពេលថែមទៀតផង។ នាងក៏ក្តោមបានឱកាសថតឈុតផ្សព្វផ្សាយពាណិជកម្មផលិតផល ពិសេសសម្អាងការល្បីៗជាច្រើននៅភ្នំពេញផងដែរ៕
ដោយ៖ វឌ្ឍនា