ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជែងរថយន្ដជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចខាងមុខ មន្ទីពេទ្យធ្មេញ សុជាតិ ស្ថិតក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ សាន ថាវរឹន ភេទប្រុស អាយុ៣៥ មុខរបរជាមន្ត្រីរាជការ ក្រសួងទីស្ដីការគណៈរដ្ឋមន្ត្រី ស្នាក់នៅភូមិ ខ ១ ក្រុមទី១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំនែកអ្នករងរបួសឈ្មោះ នៅ សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ ។
តាមសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថា នៅមិនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BR-8182 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានវ៉ារថយន្ដមួយគ្រឿងមិនចាំម៉ាកក៏ជ្រុលទៅបុកម៉ូតូឌ្រីមC125 ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-0840 ជិះដោយបុរសម្នាក់ទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងខាងម្ចាសម៉ូតូឌ្រីមរងរបួសស្រាល ចំនែកម៉ូតូរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនម្ចាស់ម៉ូតូឌ្រីមសង់យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ឬស្សីកែវ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំងពីរគ្រឿងកម្លាំងជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ភារ៉ា