ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភ័ណមិនទានផ្ទុះចំនួន៤កេះត្រូវបានកម្មករជីកដីបុកគ្រោះធ្វើផ្ទះប្រទះឃើញ កប់ក្នុងដីហើយក៏រាយការណ៍មកសមត្ថកិច្ចនិងមន្ត្រីស៊ីម៉ាក ចុះទៅត្រួតពិនិត្យជីកកកាយគ្រាប់ទាំងនោះយកទៅរក្សាទុកដើម្បីរងចាំកំទេចចោល។គ្រាប់យុទ្ធភ័ណ្ឌទាំង៤កេះ ក្នុងនោះគេ ពិនិត្យឃើញមានគ្រាប់មីនមួយគ្រាប់ហៅថាមីនក្លេម័រជាប្រភេទគ្រាប់មីនចុច, គ្រាប់M79 ២៩គ្រាប់, គ្រាប់បែក៦គ្រាប់, គ្រាប់ការ៉ាប៊ីន២បង់ គ្រាប់កាំភ្លើងធុនតូច៥kg គ្រាប់អាកា២បង់, បង់គ្រាប់អ៊ឹមសី៣០ បង់ ,កុងតាក់ចុចមីនក្លេម័រ១គ្រឿងនិងស្រោមកាំភ្លើងខ្លី១។
ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះខាងលើកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានប្រាប់ឱ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលគេប្រទះឃើញនៅលើដីឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិសង្កាត់ ខាងលើ។
បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថា ដីខាងលើគឺជាដីដែលមានផ្ទះស្រាប់ម្ចាស់ដើមត្រូវគេស្គាល់ថាជាមន្ត្រីយោធាហើយត្រូវបានឈ្មោះ សេង ប៊ុនលីទិញពីម្ចាស់ដើមនោះដើម្បីកសាងផ្ទះថ្មី។គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបានគេសង្ស័យម្ចាស់ដីមុនជីកកប់ក្នុងដីដើម្បីលាក់បាំង មិនដឹងថាក្នុងគោលបំណងអ្វីនោះទេ។ គ្រាប់នោះមានសភាពច្រេះ ស្រាំដែលសមត្ថកិច្ចសនិ្នដ្ឋានថាគេកប់ចោលក្នុងអំឡុងនៃការផ្ទុះអាវុធនៅរាជធានីភ្នំពេញនៅថ្ងៃទី៤និង៥ កក្កដា ឆ្នាំ១៩៩៧ ។
សូមរំលឹកថា ប្រទេសកម្ពុជាអតីតកាលជាប្រទេសដែលមានសង្គ្រាមផ្ទៃក្នុងរវាងខ្មែរនឹងខ្មែរ ។ ស្លាកស្នាមនៃសង្គ្រាមបានដិតដាមនិងបន្សល់ទុកនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនកប់ក្នុងដីជាច្រើនទៀតរហូតមកដល់បច្ចុប្បន្ននេះ ។ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះនិងគ្រាប់មីន ដែលនៅសេសសល់ ក៏ត្រូវគេមើលឃើញថា នៅតែបន្តបង្កការគ្រោះថ្នាក់ដល់អាយុ ជីវិតប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ជាពិសេស នៅក្នុងទំបន់ទិស ពាយព្យនៃប្រទេសកម្ពុជា គ្រាដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជម្រុញខិតខំដោះស្រាយបញ្ហាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះនិងគ្រាប់មីននៅសេសសល់ ឱ្យអស់ ដើម្បីបញ្ចៀសពីការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះ ៕
ដោយ៖ សំ វិច្ឆិកា