ក្រសួងជំរុញការពង្រឹងគុណភាពផ្នែកបដិសណ្ឋារកិច្ច ត្រៀមទាក់ទាញទេសចរបរទេស ៧លាននាក់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្រសួងទេសចរណ៍បានប្រកាស ក្រើនរំឭកជាថ្មីម្តងទៀតដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកំសាន្ត ឱ្យពង្រឹងគុណភាពផ្នែកបដិសណ្ឋារកិច្ច ខណៈផែនទាក់ទាញទេសចរបរទេសឱ្យបានប្រមាណ៧លាននាក់កាន់តែខិតជិតមកដល់។ ការប្រកាសនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រចំនួនជាង១.២០០នាក់ ដល់អ្នកកំពុងបម្រើការងារបដិសណ្ឋារកិច្ចតុការ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្នុងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម មានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់ផ្នែកភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងកំសាន្ត ក្នុងការផ្តល់សេវាជូនភ្ញៀវប្រកបដោយភាពញញឹមរាក់ទាក់ និងឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវ គឺជាធាតុចាំបាច់មិនអាចខ្វះបានឡើយ។លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យដាក់ចេញនូវចេញនូវចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ដូចជា៖  សេវាកម្មទទួលភ្ញៀវប្រកបដោយភាពញញឹមរាក់ទាក់និងរហ័ស សេវាកម្មបម្រើម្ហូបអាហារនិងភេសជ្ជៈប្រកបដោយអនាម័យ គុណភាព និងតម្លៃសមរម្យ ជាដើម។ លោកបន្តថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំស្ដង់ដាវាយតម្លៃដោយផ្នែកតាមអភិក្រម«ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» និងបានបែងចែកជា៣ សូចនាករគោលគឺការផ្តល់សេវាឱ្យបាននិងប្រកបដោយគុណភាព  ការផ្ដល់លឿន ទាន់ពេលវេលានិងត្រឹមត្រូវ ការផ្តល់សេវាជូនភ្ញៀវដោយស្មើភាពនិងមានការទទួលខុសត្រូវ។

នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា រាជធានីភ្នំពេញលោក ឡី សុភាព បានគាំទ្រក្នុងការជំរុញឱ្យវិស័យទេសចរណ៍របស់កម្ពុជាកាន់តែមានទាក់ទាញទាំងទេសចរជាតិ និង អន្តរជាតិ តាមរយៈការពង្រឹងគុណភាពផ្នែកបដិសណ្ឋារកិច្ច និងម្ហូបអាហារនៅតាមសណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។ លោកបានថ្លែងថា វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ត្រូវការទាំងកន្លែងស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

គួរបញ្ជាក់ដែរថារាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅទាក់ទាញទេសចរបរទេសឱ្យបានប្រមាណ៦លាន២សែននាក់នៅឆ្នាំ២០១៨នេះ និងប្រមាណ៧លាននាក់ នៅត្រឹមឆ្នាំ២០២០ ដើម្បីនាំមកនូវចំណូលសរុបប្រមាណ៥.០០០លានដុល្លារអាមេរិក និងបង្កើតឱកាសការងារដល់ពលកម្មក្នុងស្រុកប្រមាណ១លាននាក់ និងបន្តឆ្ពោះឱ្យបានប្រមាណ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ១០ ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ២លាននាក់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print