ម៉េង កែវពេជ្ជតា ចេញមុខសុំប្រមុខថ្នាក់ដឹកនាំប្រទេសជួយស្រោចស្រង់ជីវិតតារាចម្រៀង ចាន់ សម័យ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខស្នើសុំដល់សប្បុរសជន ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជួយសង្គ្រោះស្រោចស្រង់ជិវិត អតីតតារាចម្រៀងចាន់ សម័យ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ។

ការសុំនេះធ្វើឡើងបន្ទាប់ពីអ្នកនាងបានចុះទៅដល់ផ្ទះជួលដែលលោកចាន់ សម័យកំពុងស្នាក់នៅជាមួយប្រពន្ធ និងកូនប្រុសស្រីនាសង្កាត់ជ្រោយចង្វារ។

    ​ម្ចាស់​បទ​”មិន​ស្រឡាញ់​អូន​មិន​បាន​” លោកចាន់សម័យបានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីមានការទម្លាយថា តារាចម្រៀងរូបនេះបាន ធ្លាក់​ខ្លួន​រស់​នៅ​ផ្ទះ​ជួល​ ដើរ​ស្ទូច​ត្រី​ចិញ្ចឹម​ក្រពះ​​​តាម​មាត់​ទន្លេ និងមាន​របេង​ឆ្អឹង​ផងដែរ។ ​បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនក្នុងជីវភាពលំបាកលំបិន បូកផ្សំទាំងមានជំងឺប្រចាំកាយ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើដំណើរទៅជួប និងសាកសួរសុទទុក្ខអតីតដៃគូចម្រៀង កាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅនេះ។ ក្រៅពីថ្លែងអារម្មណ៍ដោយក្តីអាណិត អ្នកនាងបាននាំយកនូវថវិការរបស់សប្បុរសជន និងខ្លួននាងផ្ទាល់ទៅប្រគល់ជូនដល់អតីតារាចម្រៀងល្បីឈ្មោះរូបនេះ។ មិនតែប៉ុណ្ណោះអ្នកនាងក៏បានអំពាវនាឲ្យសប្បុរសជនបន្តជួយចែករំលែកក្តីលំបាករបស់ក្រុមគ្រួសារ លោកចាន់ សម័យដែលកំពុងជួបការលំបាកផ្នែកជីវភាពដែលក្រៅតែអំពីការផ្គត់ផ្គង់ចំណីអាហារ កូនប្រុសស្រី៤នាក់(ស្រី២នាក់)កំពុងសិក្សា។

អ្នកនាងក៏បានលើកដៃសុំដល់សម្តេច តេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី មេត្តាជួយនូវចំណែកណាមួយពីសម្តេចទាំងទ្វេរដើម្បីសង្គ្រោះស្រោចស្រង់ជីវិតតារាចម្រៀង ចាន់ សម័យដែលកំពុងប្រឈមបញ្ហាជីវភាព ចិញ្ចឹមកូនប្រុសស្រីនិងមានជំងឺធ្ងន់ធ្ងរជាប់នឹងខ្លួនផងដែរ។ អ្នកនាងក៏ស្នើដល់ទស្សនិកជនមេត្តាកុំគិត និងលើកឡើងថា នៅពេលដែសិល្បករនៅជាហ៊ឺហារ តែដល់ពេលឈឺធ្លាក់ខ្លួនសំពះសុំលុយគេ ព្រោះជីវិតសំខាន់ណាស់ ហើយគ្រាមានអាសន្នកុំផ្ចាញ់ផ្ចាលធ្វើអី។ អ្វីដែលនាងធ្វើនេះក៏ជាគោលការណ៍សម្តេចកន្លងមកដែលបានជួយផ្សព្វផ្សាយធម៌សន្តិភាព មនុស្សធម៌ដែលគួរយកតម្រាប់តាម។

    គួរបញ្ជាក់ដែរថា តារាចម្រៀងចាន់ សម័យ គឺជាតារាចម្រៀងប្រុសល្បីឈ្មោះខ្លាំងកាលពីអំឡុងជាងមួយទសវត្សរ៍មុននៅផលិតកម្មព្រះវិហារ គ្រាដែលលោកបានច្រៀងបទចម្រៀងក្នុងភាពយន្តភាគចិនល្បីឈ្មោះមួយដែលគេហៅថា”F4”នោះ។ លោកក៏ធ្លាប់បានសាងស្នាដៃលើការងារសិល្បៈជាច្រើនរួមទាំងការចេញបម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅស្រុកផងដែរ ប៉ុន្តែលោកបានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំក្រោយពីធ្លាក់ខ្លួនក្រ មានជំងឺប្រចាំកាយនិងមិនអាចចេញច្រៀងបានរហូតមានការទម្លាយលើបណ្តាញទំនាក់ទំនងសង្គមនាំឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់មហាជន និងអ្នករួមអាជីព៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print