ភ្នំពេញ៖ លោក ឆាយ សុផល សមាជិកគណៈនាយកក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃអង្ការនេះ បានចេញផ្សាយសៀវភៅមួយទៀតដែលមានចំណងជើងថា “សត្រូវមិត្តភក្តិឯង ៖ ផែនដី និងផែនទីកម្ពុជា-វៀតណាម (១៦២៣ - ២០១៥)” នៅសប្តាហ៍នេះ ដែលជាចំណុចក្តៅបំផុតដែលបានកើតមានកន្លងមកនៅកម្ពុជា។
ថ្លែងនៅក្នុសន្និសីទសារព័ត៌មាននៅឯក្លិបអ្នកកាសែតកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥នេះ លោក ឆាយ សុផល បាននិយាយថា សៀវភៅនេះបានបង្ហាញពីសាវតារនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ឬដែនដីកូសាំងស៊ីនជាផ្លូវការទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩ ដែលក្រោយៗមករហូតមកដល់ឆ្នាំ២០១៥ ជម្លោះផ្ទៃក្នុងកម្ពុជាស្តីពីព្រំដែន និងផែនទីបានកើតមានមិនចេះចប់ ពិសេសជម្លោះដ៏ស្រួចស្រាល់ចុងក្រោយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យផ្អើលដល់ពិភពលោក ហើយជម្លោះនេះក៏មានចំហាយរាលដាលរហូតនាំឲ្យមានការវាយដំទាត់ធាក់អ្នកតំណាងរាស្ត្រពីររូបកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ កន្លងមកនេះ។
លោក ឆាយ សុផល ដែលបានទៅមើលការវាស់បង្គោលព្រំដែនជាមួយលោក សុខ ទូច ដែរនោះ បានរៀបរាប់ថា សៀវភៅនេះមានកម្រាស់៤០០ទំព័រ ហើយបានបង្ហាញពីជម្លោះប្រទាក់ក្រឡាគ្នាទាំងក្នុងចំណោមជនជាតិកម្ពុជាផង និងនៅក្នុងចំណោមបរទេសដូចជា អាម៉េរិក អង់គ្លេស ចិន រុស្ស៊ី និងពួកសម្ព័ន្ធមិត្តផង ដែលដំបូងគឺជាមិត្ត តែក្រោយមកក្លាយជាសត្រូវ និងសត្រូវក្លាយជាមិត្ត ដោយសារតែបញ្ហាផែនដី និងផែនទីកម្ពុជាជាមួយវៀតណាមចាប់តាំងពីឆ្នាំ១៦២៣ រហូតមកដល់ឆ្នាំ២០១៥ នេះ។
នៅក្នុងសៀវភៅនោះក៏បានលើកឡើងពីអាណាចក្រខ្មែរដ៏រុងរឿង ជាទឹកដីមហានគរដ៏ធំមហាសាលក្នុងដែនដីអាស៊ី ប៉ុន្តែដោយសារសង្គ្រាមឈ្លានពានពីបរទេសជិតខាង មានសៀម និងយួន ព្រមទាំងជប៉ុន បារាំង និងអាម៉េរិក នោះអាណាចក្រខ្មែរត្រូវបានកាត់ទៅឲ្យប្រទេសជិតខាង។ ដោយសារតែការបាត់បង់ទឹកដីមហាសាគរនេះហើយ ទើបអ្នកនយោបាយខ្មែរជាច្រើននៅជំនាន់ក្រោយៗរហូតមកដល់បច្ចុប្បន្ន បានចោទប្រកាន់អ្នកជំនាន់មុន និងចោទគ្នានាបច្ចុប្បន្នទៅវិញទៅមក ដើម្បីទាញយកប្រជាប្រិយភាព និងកេងចំណេញនយោបាយ សម្រាប់ទាក់ទាញយកសន្លឹកឆ្នោតពីពលរដ្ឋរៀងៗខ្លួន។
លោក ឆាយ សុផល បាន បញ្ជាក់ថា ដោយសារតែខ្សែបន្ទាត់ព្រំដែនទឹក និងបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាមមិនបានកំណត់ច្បាស់លាស់កន្លងមក ទើបធ្វើឲ្យប្រទេសជិតខាងពីរនេះតែងតែមានភាពរកាំរកូស និងអរិភាពនឹងគ្នា រហូតដល់មានការបង្ហូរឈាមគ្នានៅតាមព្រំដែន និងចូលឈ្លានពានគ្នាទៅវិញទៅមក ពិសេសនៅមុនទសវត្សរ៍១៩៩០៕
ដោយ៖ ប្រាថ្នា