ភ្នំពេញ៖ នៅរសៀលថ្ងៃទី17ខែ វិច្ឆិកា ឆ្នាំ 2015 លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីរបស់សាលាខណ្ឌនាំយកអំណោយទៅចែកជូនដល់កង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជាង100នាក់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ5 ក្នុងភូមិ គ្រួស សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ។
បន្ទាប់មកលោក ឈិន គឹមថុយ អធិការខណ្ឌព្រែកព្នៅ បានឡើងអានរបាយការណ៍បូកសរុបអំពីលទ្ធផលការងារដែលបានអនុវត្តន់៍នាពេលកន្លងមករួមមាន សភាពការណ៍បទល្មើស កិច្ចប្រតិបត្តិការ និងសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងនាពេលកន្លងមក។
ក្នុងឱកាសនោះផងដែរបន្ទាប់ពីបានស្តាប់របាយការណ៍ដែលបានអានជូនដោយលោក ឈិន គឹមថុយអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរួចមក លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ ក៏បានមានមតិសំណេះសំណាលជាមួយកងកម្លាំងទាំងអស់អោយខិតខំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានជាយថាហេតុ លោកសុខ សម្បត្តិ បន្តថាថ្វីត្បិតតែអំណោយទាំងនេះមានតិចតួចក៏ពិតមែន តែអាចជួយសម្រួលដល់កងកម្លាំងយើងបានមួយរយៈពេលខ្លីផងដែរ។ លោកបន្តថា ទោះជាមានការខ្វះខាតកងកម្លាំងខ្លះក៏ពិតមែន តែកងកម្លាំងទាំងអស់បានខិតខំយកអស់កម្លាំងកាយចិត្តបំរើការជូនអង្គភាពដោយមិនគិតការនឿយហត់។
អំណោយដែលយកទៅចែកជូនដល់កងកម្លាំងរួមមានៈ អង្ករចំនួន10បាវ ម៊ីម៉ាម៉ាចំនួន10កេះ ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន 10យួរ ទឹកសុទ្ធចំនួន10កេះ ប្រេងម៉ាស៊ូត ចំនួន200លីត្រ រួមទាំងថវិកាចំនួន មួយលានរៀលផងដែរដើម្បីជួយសម្រួលដល់កងកម្លាំងសំរាប់រដូវអ៊ុំទូកខាងមុខនេះផងដែរ ៕
ដោយ៖ ព្រែកជ័យ