ខេត្តត្បូងឃ្មុំ៖ បុរស២នាក់បានសម្រេចចិត្តគិតខ្លីធ្វើអត្តឃាតដោយចងកនៅលើដើមឈើដើម្បីបញ្ចប់ជីវិតក្នុងថ្ងៃតែមួយ ព្រោះតែមានវិបត្តិផ្សេងៗគ្នា។ សមត្ថកិច្ចបាននិយាយថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០១៥នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ បន្ទាប់ពីមានប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ឈ្មោះនល់ ធីម អាយុ២៤ឆ្នាំ ខណៈយកខ្សែអង្រឹង ចងក ធ្វើអត្តឃាតនៅលើដើមកាស្យា ក្បែរផ្លូវក្រោយភូមិកើតហេតុ ។
ករណីចងករសម្លាប់ខ្លួនមូលហេតុ បន្ទាប់ពីជនរងគ្រោះ បានត្រឡប់មកពីប្រទេសថៃវិញ ពេលនោះ មានអារម្មណ៍មិនប្រក្រតី ចេះតែចង់ធ្វើអត្តឃាតជាច្រើនដង ដោយលេបថ្នាំប៉ុនប៉ង ធ្វើអត្តឃាត តែត្រូវបានឪពុកម្ដាយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល លុះរហូតដល់យប់ឈានចូលថ្ងៃទី១៧វិច្ឆិកានេះ ជនរងគ្រោះបានធ្វើអត្តឃាតដោយចងកបានសម្រេចតែម្ដង។
ចំណែកករណីទី២វិញសមត្ថកិច្ចបញ្ជាក់ថា បានកើតឡើង កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧វិច្ឆិកា២០១៥ នៅភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានបរុសម្នាក់ឈ្មោះកេត កេន អាយុ៤២ឆ្នាំ បានយកក្រមាចងក ធ្វើអត្តឃាត នៅលើដើមកៅស៊ូ នៅចំណុចឡូត៍លេខ១៤ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយមូលហេតុមានជម្លោះជាមួយនឹងប្រពន្ធរបស់ខ្លួន។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសបានចុះពិនិត្យសាកសពជនរងគ្រោះទាំង២នាក់ហើយប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួនផងដែរ៕
ដោយ៖ ហេង សូរិយា