ឃាត់ខ្លួនឪពុកមាចិត្តតិរិច្ឆានចាប់រំលោភក្មួយអាយុ៨ឆ្នាំ ៤លើកទើបបែកការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាឪពុកមាចិត្តតិរិច្ឆានម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួន ខណៈបុរសរូបនេះចាប់ក្មួយស្រីរំលោភ ៤ដង ទើបបែកការ ខណៈឪពុកម្ដាយ​រវល់ទៅដេកធ្វើចំការ ទុកកូនតូចៗឱ្យនៅចាំផ្ទះ ។

IMG-20151118-WA0000

ហេតុការណ៍ឃាត់ខ្លួនបុរសសង្ស័យ ពាក់ព័ន្ធចាប់រំលោភក្មួយស្រី កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅនឹងផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ឆុន ឈីន អាយុ ៣២ឆ្នាំ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ចំណែកក្មេងរងគ្រោះត្រូវជាក្មួយជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ស.វ.ច.ក អាយុ៨ឆ្នាំ រស់នៅភូមិខ្មារ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា យោងតាមចម្លើយរបស់កុមារីរងគ្រោះបានរៀបរាប់ថា កាលពីប្រហែលជិត ១ខែមុន មិនចាំថ្ងៃជនសង្ស័យជាឪពុកមា (ឆុន ឈីន) បានធ្វើសកម្មភាពនៅពេលយប់បានឡើងទៅលើផ្ទះកុមារីរងគ្រោះរំលោភ ៣ដងយប់ជាប់ៗគ្នា ហើយ​រយៈពេល ២ថ្ងៃក្រោយរំលោភម្ដងទៀត លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កុមារីរងគ្រោះបាននិយាយបែបភិតភ័យរៀបរាប់ប្រាប់ម្ដាយ ឈ្មោះ ឡុង សុខុម អាយុ៣២ឆ្នាំ និងឪពុកឈ្មោះ យឹម សារឿន អាយុ៣១ឆ្នាំ ថាមិនឱ្យទៅចំការទៀតទេ ខណៈនោះឪពុកម្ដាយមានការសង្ស័យ ក៏បន្ដសួរមកកូនស្រី គ្រានោះនាងបានឆ្លើយប្រាប់ឪពុកម្ដាយថា “ពូ ឈីន ចាប់រំលោភខ្ញុំនៅលើផ្ទះពេលយប់” គ្រានោះឪពុកម្ដាយកុមារីរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ដើម្បីឃាត់ខ្លួនឪពុកមាចិត្តតិរិច្ឆានមកសាកសួរ និងបន្តតាមនីតិវិធី ។

ក្នុងនោះឪពុកម្ដាយកុមារីរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចដែរថា មួយរយៈនេះគាត់រវល់ទៅធ្វើចំការ ដេកនៅទីនោះយូៗមកផ្ទះម្ដង ដោយទុកកូនប្រុសស្រី ៣នាក់បងប្អូន ដែលកូនច្បងមានអាយុត្រឹម ១១ឆ្នាំ ហើយកូនរងគ្រោះខាងលើនេះ ជាកូនទី២ ឱ្យនៅចាំផ្ទះ ប្ដីប្រពន្ធត្រូវជាឪពុកម្ដាយកុមារីរងគ្រោះបន្តទៀតថា ផ្ទះគាត់នៅចុងកាត់មាត់ញកពីអ្នកភូមិបន្ដិច ហើយមានចម្ងាយពីផ្ទះជនសង្ស័យប្រហែល ៥០០ម៉ែត្រ ហើយជនសង្ស័យពុំមែនអ្នកសាច់ឆ្ងាយនោះទេ ដោយត្រូវជាបងប្អូនថ្លៃនឹងគ្នា (មានន័យថា ម្ដាយកុមារីរងគ្រោះត្រូវជាបងបង្កើតរបស់ប្រពន្ធជនសង្ស័យ) ។

ប្រភពពីសមត្ថកិច្ចបន្ដទៀតថា ករណីនេះកំពុងសាកសួរ និងនាំកុមារីរងគ្រោះទៅពេទ្យដើម្បីធ្វើកោសល្យវិច្ច័យនៅឡើយ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៥នេះ ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print