ល្បួងក្មេងស្រីអាយុ១៤ឆ្នាំផឹកស្រាស្រវឹងជោកជាំរួចនាំគ្នាចាប់រំលោភបូករហូតបានសម្រេច៤នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានយុវជន៤នាក់ល្បួងយកទៅផឹកស្រារហូតស្រវឹងជោកជាំហើយបាននាំគ្នាចាប់រំលោភបូក រហូតបានសម្រេចម្នាក់ម្តងៗ ។ ក្រោយពីមានហេតុការណ៍កើតឡើងម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០​១​៥  ខណៈដែលជនសង្ស័យ៣នាក់ទៀតកំពុងរត់គេចខ្លួន ។

20151117184336

ករណីរំលោភបូកនេះបានកើតឡើងកាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សៀន សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅក្នុងភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកឯជនសង្ស័យ៣នាក់ទៀតដែលរត់គេចខ្លួននោះ ទី១-ឈ្មោះ ពៅ  គង់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាកម្មករ ទី២-ឈ្មោះ ថុល ទី៣-ឈ្មោះ កុយ ។ ជនសង្ស័យទាំង៣នាក់នេះមានទីលំនៅក្នុងភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឭ ។ ដោយឡែកក្មេងស្រីរងគ្រោះឈ្មោះ ម រ.ឌ អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឭ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាម៉ោង៤រសៀលក្រុមជនសង្ស័យទាំង៤នាក់ខាងលើនេះបានបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីក្នុងហាងមួយស្ថិតនៅម្តុំផ្សារឧដុង្គ បន្ទាប់ពីផឹកស៊ីនៅហាងស្រវឹងស្រឿងៗរួចមក ក្រុមជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះបន្តទៅផឹកនៅផ្ទះរបស់ជនសង្ស័​យឈ្មោះពៅគង់។ ពេលទៅដល់ផឹកស្រាបៀរបានម្នាក់២ទៅ៣កំប៉ុងក្មេងស្រីរងគ្រោះបានដើរទៅបត់​ជើង​តូចនៅខាងក្រោយផ្ទះ ខណៈនោះជនសង្ស័យឈ្មោះ សៀន សម្បត្តិ បានដើរទៅតាមក្រោយចាប់ក្មេងស្រីរងគ្រោះបីដាក់លើគ្រែក្នុងរោងបាយគ្រាដែលក្មេងស្រីរងគ្រោះមិនបានរើបម្រះអ្វីឡើយ ជនសង្ស័យក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច បន្ទាប់មកជនសង្ស័យបីនាក់ទៀតបានចូលទៅរំលោភក្មេងស្រីរងគ្រោះជាបន្តបន្ទាប់ រហូតបានសម្រេចគ្រប់ៗគ្នា ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៤នាក់ បានបើកម៉ូតូឌុបក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញជាធម្មតា ។ លុះដល់វេលាម៉ោង៤រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបម្តាយក្មេងស្រីរងគ្រោះចូលខ្លួនដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ធំ ឲ្យជួយអន្តរាគមន៍ចាត់ការតាមច្បាប់ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក សមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈដែលជនសង្ស័យ៣នាក់ទៀតកំពុងរត់គេចខ្លួនចេញពីមូលដ្ឋាន ។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលស្រុកពញាឮបានរៀបចំសំណុំរឿងនិងសាវតាជាតិជនសង្ស័យ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print