សាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានរៀបចំនូវកម្មវិធីប្រគល់អាហារូបករណ៍ និងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន១៦របស់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចូលរួមអបអរសាទរខួប៦០ឆ្នាំនៃចំណងការទូតកម្ពុជា-ចិន ក្រោមការគាំទ្រពីលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ទើបសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានរៀបចំនូវកម្មវិធីប្រគល់អាហារូបករណ៍ និងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន១៦របស់ប្រទេសចិន។ 

    បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានបញ្ជាក់ថា នេះជាលើកទី១ដែលសាកលវិទ្យាល័យបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានរៀបចំពិព័រណ៍អប់រំកម្រិតឧត្តមសិក្សានិងការផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនកាលពីព្រឹកម៉ិញ ហើយរៀបចំកម្មវិធីប្រគល់អាហារូបករណ៍ និងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន១៦របស់ប្រទេសចិននារសៀលនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្តល់ឱកាសកាន់តែច្រើននិងបង្កើនបរិមាណជូនដល់សិស្ស និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។ ថ្លែងកោតសរសើរចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានេះ លោក អ៊ី ដា អគ្គលេខាធិការវិទ្យាស្ថានប៉េកាំងសម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិបានបញ្ជាក់ថា ថ្វីត្បិតតែនេះជាលើកទី១ក្នុងការរៀបចំនៅកម្ពុជា តែសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង១៧ទទួលបាននូវជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងកិច្ចសហការជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជាក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ លោកបញ្ជាក់បន្ថែមថា លទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់ពីការខិតខំនិងការជ្រោមជ្រែងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមនឹងសហការីបានជួយរួមចំណែកយ៉ាងសកម្មក្នុងរយៈពេលជិត១ទសវត្សរ៍នេះក្នុងកិច្ចបង្កើនបរិមាណធនធានមនុស្សលើជំនាញភាសាចិនដែលជាទុនដ៏ល្អក្នុងការស្នើសុំអាហារូបករណ៍នាពេលនេះ។ គួរបញ្ជាក់ថា ក្រោយបិទបញ្ចប់ពិព័រណ៍អប់រំរបស់ប្រទេសចិននារសៀលនេះ មានការចុះអនុស្សារណៈយោគយល់គ្នាចំនួន១៦រវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យនិងវិទ្យាស្ថានទាំង១៦របស់ប្រទេសចិនរួមមានសាកលវិទ្យាល័យវិស្វកម្មក្រុងហាអឺពីង សាកលវិទ្យាល័យព័ត៌មាននិងទំនាក់ទំនងខេត្តជឺជាំង វិទ្យាស្ថានពហុបច្ចេកទេសក្រុងណានជីង វិទ្យាស្ថានបច្ចេកទេសកសិកម្ម-ចិញ្ចឹមសត្វខេត្តជាំងស៊ូ វិទ្យាស្ថានបច្ចេកវិទ្យាក្រុងឆាងចូវ វិទ្យាស្ថានបច្ចេកវិទ្យានិងឧស្សាហកម្មខេត្តហឺប៉ី វិទ្យាស្ថានបច្ចេកទេសក្រុងជីនណាន វិទ្យាស្ថានបច្ចេកវិទ្យានិងឧស្សាហកម្មធុនស្រាលក្រុងឆាងចូវ វិទ្យាស្ថានបច្ចេកវិទ្យានិងសិល្បៈក្រុងស៊ូចូវ វិទ្យាស្ថានធនធានទឹកនិងហ៊ីដ្រូក្រុងគួយចូវ វិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តសាងស៊ី វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មានក្រុងឆាងចូវ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល និងចំណីអាហារខេត្តជាំងស៊ូ វិទ្យាស្ថានកសិកម្មនិងរុក្ខាប្រមាញ់ក្រុងជាំងស៊ូ វិទ្យាស្ថានសេដ្ឋកិច្ច-កសិកម្មខេត្តហីឡុងជាំង និងវិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តសានទុង។ និស្សិតចំនួន១៩រូបត្រូវបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ព្រមទាំងមាននិស្សិតកម្ពុជាចំនួនជាង៣០០រូបបន្ថែមទៀតដែលត្រូវបានជ្រើសរើសក្នុងពេលដ៏ខ្លីខាងមុខដើម្បីទៅបន្តការសិក្សាតាមរយៈកម្មវិធីផ្សព្វផ្សាយនាថ្ងៃនេះ និងអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជានារសៀលនេះ៕ 

...

ដោយ៖ ហុឹម សសម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print