ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ កក្កដានេះថា កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិតបន្ថែមទៀតហើយ។
លោកថា គិតត្រឹមម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងមានកម្ពស់ ៥,៣០ ម៉ែត្រ គឺទាបជាងកម្ពស់ទឹក ហក់ឡើងអតិបរមា នាវេលាល្ងាចម្សិលមិញ ០,៥៥ ម៉ែត្រ។ ការធ្វើចរាចរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ។
គួរបញ្ជាក់ថា កាលពីម៉ោង ៥:៣០ នាទី ល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្ន ដោយសារមានជំនន់ហូរកាត់ផ្លូវ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុ៕
...