ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ដក់ហូតថ្នាំញៀនមួយចំនួននិងកាំភ្លើងខ្លី២ដើម ។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅ បន្ទប់ស្នាក់នៅ លេខ២១៦ ជាន់ទី៣ ផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យក្នុងករណីខាងលើមានឈ្មោះ ឈូក ចំរើន អាយុ៣៦ មុខរបរ ប្រធានសន្តិសុខផ្សារឯករាជ្យ២ ស្នាក់នៅបន្ទប់កើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិ អូរត្រេះ ឃុំកំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ បុិន សុផានី អាយុ២៤ឆ្នាំ មុខរបរ ជាងអ៊ុតសក់ នៅផ្សារខាងលើ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានការស្រាវជ្រាវ អស់រយៈពេលជាច្រើនខែថ្ងៃកន្លងមកហើយ រហូតមកដល់រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញមានការចូលរួមពីប្រធានមន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ ចុះប្រតិបត្តិការ ច្បាមមុខសញ្ញា ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ សកម្មខាងចែកចាយនិងប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចឆែកឆេររកឃើញ ថ្នាំញៀនទម្ងន់១ជី (1g) កាំភ្លើងខ្លីម៉ាក រ៉ូឡូចំនួន២ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅ កាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី ៕
...
ដោយ៖ សុខាសែនជ័យ