ភ្នំពេញ៖លោកគឹម សន្តិភាព អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកក្កដា នេះ បញ្ជាក់ជាថ្មីថា ការអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត គឺ ល្មើសច្បាប់។
លោក គឹម សន្តិភាព អះអាងថា ការអំពាវនាវកុំឱ្យពលរដ្ឋប្រើប្រាស់គ្រឿងញៀន ជាការរារាំង និងទប់ស្កាត់មិនឱ្យពលរដ្ឋប្រើប្រាស់គ្រឿង ញៀន ដែលអំពើរារាំងនេះពុំមែនជាបទល្មើសនោះទេ ព្រោះគ្មានច្បាប់ចែង ! ។
រីឯការអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត ក៏ជាការរារាំង និងទប់ស្កាត់ពលរដ្ឋមិនឱ្យទៅបោះ ឆ្នោតផងដែរ តែអំពើរារាំងនេះគឺជាបទល្មើសដែលមានចែងក្នុងច្បាប់ ត្រង់មាត្រា១៤២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំណត់ផាកពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
តែបើការរារាំងនេះមានភ្ជាប់ជាមួយនូវអំពើហិង្សា ឬ គំរាមកំហែង នោះជាអំពើល្មើសបន្ថែមទៀត ដែលកំណត់ឱ្យផ្តន្ទាទោសក្នុងច្បាប់ព្រហ្មទណ្ឌជាពិសេសក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ! ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ សង្កត់ធ្ងន់ថា ហេតុនេះ ការរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្មោត គឺជាបទល្មើសដែលមានច្បាប់ចែងច្បាស់លាស់ទាំងក្នុងច្បាប់បោះឆ្នោត និងច្បាប់ព្រហ្មទណ្ឌ ត្រង់ថាអនុវត្តតាមច្បាប់ណាជាក់ស្តែង គឺអាស្រ័យលើសកម្មភាពនៃអំពើរារាំងនោះតែប៉ុណ្ណោះ ! ៕ចេស្តា