ខេត្តតាកែវ៖នគរបាលស្រុកបាទី នៅថ្ងៃទី០៣ ខែសីហា នេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ពោលគឺកាប់ប្លន់យកម៉ូតូ។
របាយការណ៍អធិការដ្ឋាននគរបាលស្រុកបាទី បង្ហាញថា ជនសង្ស័យឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GI-4975 បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GS-7276 នៅចំណុចភូមិផ្សារគុម្ភឫស្សី ឃុំតាំងដូង ស្រុកបាទី ។
ជនរងគ្រោះឈ្មោះ រ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ាន់ សារី និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយបានសហការជាមួយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកបាទីធ្វើការចេញល្បាត និងពួនស្ទាក់គ្រប់ច្រកល្ហក លុះដល់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ទើបជួបនឹងជនសង្ស័យហើយជនសង្ស័យទាំងពីរនាក់ បានផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតមានឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក ឃុំជង្រុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូដែលជនង្ស័យប្លន់ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕
ដោយ៖ ចេស្តា