ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញប្រឆាំងគ្រឿងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាល សហការគ្នាចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ចំនួន ១៤នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើចាប់ផ្ដើមធ្វើឡើងនៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីសាធារណៈ ស្ថិតក្នុងភូមិ.សង្កាត់នានា នៃក្រុង.ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ឲ្យដឹងថា មុនដំបូងកម្លាំងធ្វើការបង្រ្កាបបាននូវមុខសញ្ញាចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ហើយទើបនឹងចេញពីពន្ធនាគាម្នាក់ឈ្មោះ តាំង ស៊ុនហេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងរហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿងផងដែរ។
លោក អធិការនគរបាលក្រុងបន្តថា បន្ទាប់មកទៀតកម្លាំងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន ១៣នាក់ថែមទៀត តាមរយៈទូរស័ព្ទមុខសញ្ញាត្រូវឃាត់ ហើយពាក់ព័ន្ធនឹងការទិញយកទៅប្រើប្រាសតែម្ដង ហើយក្រុមទាំងនេះភាគច្រើនស្កាត់មកពីតំបន់ផ្សេងៗគ្នាទាំងអស់ ដោយសារកម្លាំងយើងបង្រ្កាបមុខសញ្ញាចែកចាយយ៉ាងសកម្មខាងលើនេះ ទើបយើងឈានទៅរកការទប់ស្កាត់បានជាបន្តបន្ទាប់ច្រើនបែបនេះ។
លោក វរសេនីយ៍ឯកបន្តទៀតថា ចំពោះក្រុមជនពាក់ព័ន្ធការប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនទាំងចំនួន ១៣នាក់នេះ បានតំរ៉ូវឲ្យអាណាព្យាបាលចូលខ្លួនមកធានាលាយល័កជាអក្សត្រឹមត្រូវ ដើម្បីធើ្វការអប់រំទើបឲ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានវិញ ដោយឡែក៖ មុខសញ្ញាចែកចាយដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មឈ្មោះ តាំង ស៊ុនហេង រួមទាំងវត្ថុតាង និងសម្ភារ បានបំពេញនីតិវិធីបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់បន្ត៕ ដោយ បឹុម ពិន