ភ្នំពេញ៖ការដុតសំរាម ឬ ឧបករណ៍ ផ្សេងៗ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ កុំឱ្យតែប៉ះពាល់សិទ្ធិ ឬ ប៉ះពាល់សុខភាពរបស់អ្នកដទៃ ។ ប៉ុន្តែការដុតសំរាមខ្លះ ខ្វះភាពទទួលខុសត្រូវ ដុតច្រើន បង្កជាផ្សែងខ្លាំងខ្មួលខ្មាញ់ ដោយប្រជាពលរដ្ឋភ័យស្លន់ស្លោស្មានតែជាករណីគ្រោះអគ្គិភ័យ ។
ជាក់ស្ដែង នៅវេលាថ្ងៃត្រង់ទី០៤ ខែសីហា នេះ នៅចំណុចក្នុងសាកលវិទ្យាល័យកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរសម្នាក់បានដុតសំរាម យ៉ាងច្រើនធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹកស្មានដា ជាករណីគ្រោះអគ្គិភ័យ ។
មិនត្រឹមតែភ្ញាក់ផ្អើលត្រឹមប្រជាពលរដ្ឋទេ កងកម្លាំងក្នុងខណ្ឌដង្កោ រួមមានរថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍យ៉ាងប្រញាប់ប្រញាល់ ដើម្បីជួយប្រជាពលរដ្ឋ ។ ប៉ុន្តែពេលទៅដល់ចំណុចកើតហេតុ គឺ ស្រងាកចិត្តស្តូកតែម្ដង គឺ ជាការដុតសំរាម សោះ ។
គួរបញ្ជាក់ថា ទោះបីជាករណីនេះ ជាការដុតសំរាមក្តី អាជ្ញាធររួមនិងរថយន្តពន្លត់អគ្គិភ័យបានសម្រេច ប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួនកន្លះរថយន្ត ដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះសំរាមនេះ ។ តែអ្វីដែលហួសចិត្តនោះ ពេលដែលអាជ្ញាធរនិងសមត្ថកិច្ច រួមនិងរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍ បែរជាអ្នកដែលដុតសំរាមនោះ បានស្រែកស្តីថាឱ្យ អាជ្ញាធរ និងអ្នកកាសែតទៅវិញ ទាំងដែលខ្លួនឯងបានដុតសំរាមឆេះផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងបែបនេះ។
ក្នុងនោះបើតាមសម្តីអាជ្ញាធរខណ្ឌដង្កោ បានលើកឡើងថា ការដុតសំរាមបែបនេះ គឺជាការដុតដោយខ្វះការប្រុងប្រយ៍ត្នហើយនេះសំណាងហើយដែលអាជ្ញាធរចុះទៅអន្តរាគមន៍ទាន់ បើមិនដូច្នេះទេអាចក្លាយជាអគ្គិភ័យឆាបឆេះអ្វីមួយផ្សេងទៀតកាន់តែខ្លាំងឡើងក៏ថាបាន ៕