ខេត្តកណ្តាល៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បន្តចុះពិនិត្យការងារបូមទឹកបញ្ចូលអាងសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវរដូវប្រាំង របស់បងប្អូនប្រជាកសិករក្នុងឃុំព្រែករៃ ស្រុកល្វាឯម និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
លោកស្រីរដ្ឋលេខាធិការ សេង វណ្ណសាយ បានមានប្រសាសន៍ថា ការងារអន្តរាគមន៍បូមទឹកដាក់អាងទឹកសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវរដូវប្រាំងនៅក្នុងឃុំព្រែករៃ ស្រុកល្វាឯម គឺជាទីតាំងថ្មីដែលក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ទើបរៀបចំដំឡើងម៉ាស៊ីន និងដំណើរការបូម បន្ទាប់ពីបានចុះពិនិត្យកាលពេលកន្លងទៅ ។ ការងារបូមទឹកដាក់អាងនៅក្នុងឃុំព្រែករៃនេះ គឺយើងប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែនទី៣៨ ដើម្បីបូមយកទឹកពីទន្លេតូច មកបញ្ចូលអាងទឹកចំនួន ០២ កន្លែង សម្រាប់ផ្គង់ផ្គង់ដំណាំស្រូវរដូវប្រាំងជាង ៥០០ ហិកតា ។
លោកស្រីបន្តថា ដោយឡែកការងារបូមទឹកនៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល គឺដំណើរការបានជិតមួយខែហើយ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១គ្រឿង ដើម្បីបូមយកទឹកពីទន្លេតូច មកបញ្ចូលអាងទឹកបឹងជ្រូក សម្រាប់ផ្គត់ផ្គង់ដំណាំស្រូវរដូវប្រាំងប្រមាណ ៣៥០ ហិកតា ។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ការងារបូមទឹកបញ្ចូលអាង សម្រាប់ផ្គត់ផ្គង់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងនៅក្នុងខេត្តកណ្តាលទាំងមូល គឺក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២៨ គ្រឿង ស្ថានីបូមទឹកសម្តេចតេជោ ចំនួន ០១កន្លែង និងម៉ាស៊ីនបូមទឹកខ្នាតតូចរបស់សហគមន៍ទំនប់ដែលមាននៅនឹងកន្លែងស្រាប់ សរុប ចំនួន ៤២ គ្រឿង ៕
ដោយ៖ សុខ ខេមរា