ខេត្តត្បូងឃ្មុំ ៖ ឈ្មោះ ប្រុសកំបុតនៅស្បែកគឺ និង ឈ្មោះប្រុសនៅផ្សារខ្នា កំពុងតែមានមោទនភាពក្នុងការបើកវង់ល្បែងជល់មាន់និងអាប៉ោងខុសច្បាប់យ៉ាងអាណាធិប្បតេយ្យ នៅក្នុងភូមិស្រវាន់និគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពបានឲ្យដឹងថា ម្ចាស់សៃវៀនខាងលើកំពុងអួតក្អេងក្អាងថា គេមានមេជាអ្នកធំនៅពីក្រោយខ្នងទើបគេបើក,មិនខ្លាចអ្នកណាបង្រ្កាបឡេីយ សូម្បីសម្មត្ថកិច្ច នគរបាល របស់លោកស្នងការ បែន រត្ន័ រឺក៏សម្មត្ថកិច្ចរាជអាវុធហត្ថរបស់ មេបញ្ជាការ វ៉ា សារិទ្ធ នោះក៏ដោយ ។
ទាក់ទងនិងការបើកលេងល្បែងខុសច្បាប់ក្នុងមូលដ្ឋានយ៉ាងអាធិប្បតេយ្យខាងលើ លោកឧត្តមសេនីយទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា លោកនិងបញ្ជារទៅលោកនាយការិយាល័យព្រហ្មទណ្ឌស្រាល ចុះសហការជាមួយអធិការស្រុក ទៅមើលភ្លាម ។
ចំណែកសមាជិកគ្រួសាររស់នៅក្នុងភូមិសាស្ត្រខាងលើដែលងាយនឹងរងគ្រោះពីបនល្បែងខាងលើ ក៏បានសូមសំណូមពរទៅលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាជួយពិនិត្យមើលនិងមានវិធានការបង្រ្កាបផង ជៀសវាងដើរផ្ទុយគោលនយោបាយរាជរដ្ឋាភិបាល អំពីភូមិឃុំមានសុវត្ថិភាព គ្មានល្បែងសុីសង គ្មានចោរលួចចោរប្លន់ ប្រជាពលរដ្ឋរស់ដោយសុខសាន្ត ដែលជាក្តីបំណងតែមួយគត់របស់្របជាពលរដ្ឋ៕ វណ្ណៈ