អាចនឹងមានការដោះលែងរថយន្តយីឌុបមួយគ្រឿងរបស់លោកឧកញ៉ាស៊ឹង សំអុល នាព្រឹកថ្ងៃចន្ទនេះ

ចែករំលែក៖

ខេត្តក្រចេះ​ ៖ រថយន្តយីឌុប១គ្រឿងដឹកឈើត្រូវបានសមត្ថកិច្ចចម្រុះធ្វើការចាប់ឃាត់ ដើម្បីត្រួតពិនិត្យតាមច្បាប់ ស្តីពីការដឹកជញ្ជូនអនុផល​ ព្រៃឈើ ប៉ុន្តែករណីនេះគេសង្ស័យថានឹងមាន​ ការដោះលែង បន្ទាប់ពីសមត្ថកិច្ចបានយក​ រថយន្តដឹកឈើនេះមកកាន់ស្រុកស្នួល ហើយ​មិនទាន់ធ្វើការពិនិត្យ និងវាស់វែងនៅឡើយ ។

រថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចឃាត់​ នៅវេលាព្រឹកថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងនោះអ្នកបើកបររថយន្តបានអះអាងប្រាប់ថា រថយន្តដឹកឈើខាងលើនេះជារបស់លោក​ ឧកញ៉ា ស៊ឹង សំអុល ហើយមានច្បាប់អនុញ្ញាត​ ដឹកកុងផ្លាកកេ តែត្រូវបានគេសង្ស័យថាបាន​ បង្កប់ឈើប្រណីតនៅខាងក្រោម ខណៈសមត្ថកិច្ច និងជំនាញមិនទាន់បំពេញភារកិច្ចវាស់វែង​ នៅឡើយទេ​។

ប្រភពនៅទីនោះបញ្ជាក់ថា តំណាងអយ្យការ នឹងអនុញ្ញាតឲ្យមានការដោះ​ លែង ប្រសិនបើមិនមានវិធានការ ក្នុងការឆែកឆេរពិនិត្យ​ ឲ្យបានច្បាស់លាស់នោះទេ ដោយគេសំអាងថា រថយន្តនេះមិនមានឈើបង្កប់ គឺមានតែកុងផ្លាកកេប៉ុណ្ណោះ ។

ប្រភពបានបញ្ជាក់ថា ជាក់ស្តែងខាងក្រោមគឺឃើញបង្កប់ឈើប្រណីត ខណៈពេលនេះ ឧកញ៉ា ស៊ឹង សំអុល កំពុងរត់ការដើម្បីឲ្យរថយន្តរបស់ខ្លួនឆ្ពោះទៅកាន់ទិសដៅឲ្យបានសម្រេច ។

លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះបានឲ្យអង្គភាពនគរដ្រេហ្គនដឹងនៅថ្ងៃខែដដែលនេះថា « ពិតជាមានការឃាត់រថយន្តដឹកឈើនេះមែន ប៉ុន្តែលោកមានភារកិច្ចបំពេញបេសកកម្មនៅក្រៅប្រទេស ដូច្នេះសូមទំនាក់ទំនងទៅលោក វុទ្ធី ដែលជាព្រះរាជអាជ្ញារង​ ទទួលកិច្ចការនេះ» ។

បើទោះ​យ៉ាងណា​ ភ្នាក់ងារយកព័ត៌មាននគរដ្រេហ្គន មិនអាចទំនាក់ទំនងទៅកាន់លោកវុទ្ធី ដែលទទួលកិច្ចការ​នេះជាមួយជំនាញរដ្ឋបាល​ ព្រៃឈើនៅខេត្ត​ក្រចេះបានទេ នៅថ្ងៃខែដដែលនេះ ដោយសារគ្មានលេខទូរស័ព្ទ ។

មួយរយៈនេះ គេសង្កេតឃើញថា ឧកញ៉ា ស៊ឹង សំអុល ដែលជាមេឈ្មួញឈើដ៏ល្បីមួយរូប​ក្នុងបទល្មើសព្រៃឈើបានងើបសកម្មភាពដឹកជញ្ជូនឈើឡើងវិញ បន្ទាប់ពីលោកមាន​ច្បាប់ក្នុងការ​ ប្រមូលឈើចាស់ ដើម្បីមកចែក​ចាយនៅក្នុងស្រុក ។ ប៉ុន្តែគោលដៅរបស់លោកតែងតែប្រើរូបភាពនេះ ដើម្បីកាប់ឈើថ្មី ដឹកទៅ​ ប្រទេសវៀតណាម ដោយមានការសហការរត់ការជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីផងដែរ ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print